សម្ដេច​តេ​ជោ៖ កម្ពុជា​ទទួលបាន​ដី​ជាង ២០០០ហិកតា​ពី​ការដោះដូរ​ជាមួយ​វៀតណាម      

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន​បាន​អះអាងថា កម្ពុជា​នឹង​ទទួលបាន​ដី​ជាង២០០០ហិកតា ពី​ការដោះដូរ​ជាមួយ​វៀតណាម ក្នុងការ​រៀបចំ​ព្រំដែន​រវាង​ប្រទេស​ទាំង២ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​សួន​ទឹក​ស៊ី​ធី ហ្កា​ឌិន​ស្ថិតក្នុង​តំបន់​ទីក្រុង​រណប​តេ​ជោ​មរកត​នា​ព្រឹក​ថ្ងៃទី១៦ សីហា​នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​យក​ដី​ទាំងនេះ ធ្វើ​សម្បទាន​សង្គមកិច្ច ប្រគល់ជូន​កងទ័ព​ការពារ​ព្រំដែន និង​នគរបាល​តាម​ព្រំដែន ក៏ដូចជា​អតីតយុទ្ធជន ដែល​គ្មាន​ដី​សម្រាប់​តាំង​លំនៅដ្ឋាន។សម្តេច​បន្តថា ដី​ដែល​នឹង​ទទួលបាន​ជាង ២០០០ហិកតា​នេះ នឹង​ប្រគល់ឱ្យ​ថ្នាក់​ខេត្ត​គ្រប់គ្រង និង​ត្រៀម​រៀបចំ​សម្រាប់​កង​ទ័​ព្ធ​ការពារ​នៅ​តំបន់​ព្រំដែន។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “ឥឡូវនេះ​នៅតាម​តំបន់​ព្រំដែន​ទាំង២ វៀតណាម​ត្រូវប្រគល់​ដី​ជាង ២០០០ហិកតា ដែល​យើង​កំពុងតែ​ត្រៀម ហើយ​ខ្ញុំ​បាន​បញ្ជា​ហើយ ដី​នេះ​នៅពេលដែល​វៀតណាម​ប្រគល់ឱ្យ​កម្ពុជា ត្រូវប្រគល់​ឲ្យ​ខេត្តហើយ​ត្រូវ​ធ្វើជា​ដី​សង្គមកិច្ច ប្រគល់ឱ្យ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន” ។ សម្តេច​បន្ថែមថា “ខ្ញុំ​មាន​ចំណារ​លើ​ឯកឧត្តម​វ៉ា គឹម ហុង អញ្ចឹង​ឯកឧត្តម​ជា សុផារ៉ា នៅពេល​ក្រោយ ត្រូវ​ត្រៀម​យក​ដី​នេះ យើង​ឱ្យ​ខេត្ត​គ្រប់គ្រង ហើយ​អាទិភាព​ប្រគល់ឱ្យ​កងទ័ព នគរបាល និង​អតីតយុទ្ធជន ដែល​គ្មាន​ដីធ្លី” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​រំលឹកថា ការរៀបចំ​ព្រំដែន​នេះ គឺ​កម្ពុជា​យកតាម​ផែនទី ដែល​ត្រូវបាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ ហើយ​បា​រាំងជា​អ្នក​គូស កាលពី​អតីតកាល។ សម្តេច​បាន​គូស​រំលេច​ពី​ការដោះដូរ​ដី​មួយកន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​ស   ម្តេច ហេង សំរិន ព្រោះ​កាល​មិនទាន់​រៀបចំ​ព្រំដែន​ថ្មី ភូមិ​មួយ​នេះ​ស្ថិតនៅ​លើដី​វៀតណាម មាន​ចំនួន៥០០ហិកតា ធ្វើឱ្យ​កម្ពុជា​ត្រូវរ​កដី​ដូរ​ជាមួយ​វៀតណាម ឲ្យ​បាន៥០០ហិកតា​វិញ​ដែរ។

សម្តេច​តេ​ជោ​បាន​ពន្យល់ថា “ភូមិ​ខ្មែរ​មួយចំនួន ដែល​ចូលទៅ​ភាគី​វៀតណាម ដោយសារតែ​ខ្សែបន្ទាត់​ព្រំដែន របស់​បារាំង​បាន​គូស​បែប​នោះ។ ហេតុនេះហើយ​ទើប​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀងគ្នា​ក្នុងការ​ដោះដូរ​ដី​ភូមិរៀងៗខ្លួន” ។

បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​ទាំងពីរ​មាន៣ជម្រើស​ក្នុង​ការរៀបចំ​ព្រំដែន ត្រង់ចំណុចពិបាកៗដូចនេះ រួមមាន៖ ជម្រើស​ទី១ ត្រូវ​កាត់​ភូមិ​សម្តេច ហេង សំរិន ទៅឱ្យ​វៀតណាម​គ្រប់គ្រង ដោយ​រក្សាទុក​ខ្សែ​ព្រំដែន​ដដែល។ ជម្រើស​ទី២ រក្សា​ខ្សែ​ព្រំដែន​ដដែល ប៉ុន្តែ​រើ​ភូមិ​របស់​សម្តេច ហេង សំរិន​ចេញ ហើយរ​កដី​ឱ្យ​គាត់​ធ្វើ​ភូមិ​ថ្មី​នៅក្នុង​ដី​ខ្មែរ។ រីឯ​ជម្រើស​ទី៣ ត្រូវ​ដោះដូរ​ដី​គ្នា ដោយ​រៀបចំ​ខ្សែ​ព្រំដែន​ជាថ្មី។ កម្ពុជា-វៀតណាម បាន​ព្រមព្រៀងគ្នា ដោះស្រាយ​បញ្ហា​នេះ​ដោយ​យក​ចំណុច​ទី៣ គឺ​ត្រូវ​ដូរ​ខ្សែ​ព្រំដែន ដោយ​គូស​ខ្សែ​ព្រំដែន​ថ្មី ព័ទ្ធ​យក​ភូមិ​សម្តេច​ហេង សំរិន ឱ្យមក​នៅក្នុង​ដី​ខ្មែរ។

សម្តេច​តេ​ជោ ហ៊ុន សែន​បានបញ្ជាក់​ជាថ្មី​ថា ការរៀបចំ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បានធ្វើ​តាម​ផែន​ទីបោ​ន ១/១០០ ០០០ និង​ផែនទី UTM ១/៥០ ០០០ ។ សម្រាប់​ផែនទី១/២៥ ០០០ គឺធ្វើឡើង​ដើម្បី​ងាយស្រួល ក្នុង​ការមើល​និយាម​ការ​លើ​ព្រំដែន​ជាក់ស្តែង។

សម្តេច​តេ​ជោ​បាន​ថ្លែងថា “ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង មិន​ស្ថិតនៅលើ​មាត់​របស់​ក្រុមប្រឆាំង​ទេ គឺ​ស្ថិតនៅលើ​ច្បាប់​អន្តរជាតិ” ។

កម្ពុជា​និង​វៀតណាម មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង ១,២៧០គីឡូម៉ែត្រ ដោយយោង​ទៅតាម​ការកំណត់​ក្នុង​ផែនទី​បោ​ន​ខ្នាត១ លើ១០០,០០០ ដែល​បន្សល់ទុក​ពីស​ម័ យ​អាណានិគម និង​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៥ មក ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន​នេះ សម្រេចបាន​ប្រមាណ ៨៤ភាគរយ​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here