ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​លើស​ការរំពឹងទុក

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច កំពុង​លេច​រូបរាង​ឡើងលើ​ផ្ទៃដី១០០ហិកតា នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ផ្លូវ៥១ នៃ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកវិនិយោគ អាជីវករ និង​សារ​ធា​រណៈ​ជន ព្រោះ​តំបន់​នេះ ស្ថិតក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទីក្រុង និង​កំពុងមាន​ការអភិវឌ្ឍ​ជាច្រើន​របស់​រដ្ឋ​និង​ឯកជន ព្រម​ជាមួយនិង​កត្តា​ភូមិសាស្ត្រ​និង​ប្រជាសាស្ត្រ។

លោក ង៉ឺ​យ ធី តំណាង​ក្រុមហ៊ុន ខេ​អេ​ច​លែ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៧ សីហា​កន្លងមក​ថា ដោយបាន​ឆ្លងកាត់​ការសិក្សា អំពី​តម្រូវការ​របស់​អតិថិជន និង​ចរន្ត​នៃ​ការអភិវឌ្ឍ ព្រមទាំង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន បានផ្ដល់​ការប្រឹក្សា ក្នុងការ​អភិវឌ្ឍ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ចំណេញ​ជូន​អតិថិជន និង​រួមចំណែក​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ផ្លូវ៥១ ឱ្យ​កាន់តែ​រីកចំរើន​ឆាប់រហ័ស។

លោក​ង៉ឺ​យ ធី បាន​បន្ត​ឱ្យដឹងទៀតថា “ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​ដ៏​មាន​សក្ដានុពល​នេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​លើស​ការរំពឹងទុក ព្រោះ​នៅក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ជាច្រើន ដូចជា មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ផ្សារ ផ្ទះ​អាជីវកម្ម វីឡា និង​ដី​ឡូ​តិ៍ និង​ទីធ្លារ​សម្រាប់​រៀបចំ​កម្ម​វិធី និង​ពិព័រណ៍​ពាណិជ្ជកម្ម” ។ លោក​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីតាំង​ទីក្រុង​ពាណិជ្ជ​កម្មនេះ ក៏​ហ៊ុ​ព័ទ្ធ​ទៅដោយ​ផ្លូវសំខាន់ៗជាច្រើន ជាពិសេស​ផ្លូវជាតិ៥១” ។

ផ្លូវជាតិ​លេខ៥១ ជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​នាពេល​អនាគត និង​ជា​ផ្លូវ​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ត​ភ្ជាប់​គ្នា​រវាងផ្លូវ​ជាតិ​លេខ៣ លេខ៤ និង​លេខ៥ ដែល​អាច​ដឹកជញ្ជូន​ទំនិញ​ទៅមក ពី​ខេត្តកំពត កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ច្រកព្រំដែន​កម្ពុជា​ថៃ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវជាតិ​លេខ៥១ ក៏​ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន ជួយ​កាត់បន្ថយ​ការចំណាយ​និង​ចំណេញ​ពេលវេលា។

ម្យ៉ាងវិញទៀត នៅ​ជុំវិញ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មាន​សួន​ឧស្សា​កម្ម​កាណាឌីយ៉ា​ទំហំ៥០០ហិកតា​របស់​អ្នកឧកញ៉ា​ពុង ឃាវ​សែ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាសធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជាដើម ដែល​ជួយ​ជម្រុញ​សេដ្ឋកិច្ច​កាន់តែ​រីកចំរើន។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ ថា ខេត្តកំពង់ស្ពឺ​បាន​កែប្រែ​មុខមាត់​ថ្មី ក្លាយជា​ខេត្ត​ដែលមាន​សក្ដានុពល​ផ្នែក​ឧស្សាហកម្ម ក​សិ​ឧ​ស្សហកម្ម ពាណិជ្ជកម្ម សេវាកម្ម និង​ទេសចរណ៍​ជាដើម។

នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស​ចំនួន១៦១រោងចក្រ ក្នុងនោះ រោងចក្រ​កំពុងដំណើរការ​ចំនួន១៤៣ និង១៨ទៀត​កំពុង​សាងសង់  និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប១២០,៧៣៤ នាក់។ ចំណែក​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​សរុប​ចំនួន១ ៥០៨មូលដ្ឋាន ប្រើ​កម្លាំង​ពលកម្ម​សរុប១៣, ៣៩៥ នាក់។

លោក ង៉ឺ​យ ធី តំណាង​ក្រុមហ៊ុន ខេ​អេ​ច​លែ​ន បាន​បញ្ជាក់ថា សម្ទុះ​នៃ​ការអភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ទាំងនេះ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ដើម្បី​ចាប់យក​ឱកាស​ចំណេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here