ដោយវុត្ថា
ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចំរើនយ៉ាងខ្លំាងដោយសារមានការចូលរួមវិនិយោគពីវិនិយោគិនចិនទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ភោជនីយដ្ឋាន អគារមជ្ឈមណ្ឌល និងផ្សារទំនើបផងដែរ ហើយនឹងបន្តមានការរីកចំរើនបន្ថែមទៀតបន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធធំៗនៅនៅក្នុងក្រុង។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុនៅតែមានសន្ទុះរីកចំរើនបន្ថែមទៀត បន្ទាប់ពីមានហេដ្ឋរចនាសម្ព័ន្ធល្អ ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ ។
លោកបន្តថា ចាប់តាំងពីដើមឆ្នាំ ២០២០ កម្ពុជាជួបវិបត្តិជំងឺcovid-19 ធ្វើឱ្យខេត្តព្រះសីហនុមានស្ថានភាពធ្លាក់ចុះទៅលើវិនិយោគវិស័យអចលនទ្រព្យ តែបន្ទាប់រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្តជាខេត្តសេដ្ឋកិច្ចគំរូ និងចំណាយថវិកាប្រមាណ ៣០០លានដុល្លារក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងក្រុង និងការៀបចំឆ្នេរនឹងធ្វើឱ្យមានការទាក់ទាញបន្ថែមទៀត ជាពិសេសការវិនិយោគវិស័យអចលនទ្រព្យ ។
លោកបន្តថា ការរៀបចំបែបនេះ គឺឱ្យមានចំណាប់អារម្មណ៍ពីទេសចរណ៍នៅក្នុងឱ្យមកលេងនៅក្នុងខេត្តមួយនេះ កាន់តែច្រើនថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក និងអន្តរជាតិ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ី គឺដូចទៅនឹងទីក្រុងហុងកុងកាលពី ៣៥ ឆ្នាំមុនដែលទទួលបាននូវការវិនិយោគពីវិនិយោគិនធំៗពីប្រទេសចិន និងមកពីបណ្តាប្រទេសធំៗផ្សេងទៀតផងដែរ។
គម្រោងផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុប ៨២.៥០៥ ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវនាថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណជិត ១០០ភាគរយ នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ ។
ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នឹងរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា៕