ដោយវុត្ថា
ភ្នំពេញ៖ ការចាប់ផ្តើមវិនិយោគវិស័យអចលនទ្រព្យគ្រប់ប្រភេទ នៅតាមបណ្តាជាយក្រុងនៃរាជធានីភ្នំពេញមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ស្របពេលដែលការវិនិយោគនៅកណ្តាលទីក្រុងមានតម្លៃខ្ពស់ និងមានទីតាំងចង្អៀត។
អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ ឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃទីក្រុងភ្នំពេញ គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ “ចំណេញ ចំណាយពេលតិច និងអាចបង្កើតចំណូលបានច្រើន”។
លោកង៉ែត ជូបានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា ទី១ ដឹងតែចំណេញៈ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។
ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។ និង ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល៕