ស្ពាន​យោង​ដោយ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​នៅ​ខណ្ឌឫស្សីកែវ​សម្រេចបានជាង ៣០ភាគរយ​ហើយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ពានបេតុង យោង​ដោយ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​ចំណុច​មុខ​ឃ្លាំង​សាំង ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង៣០ភាគរយ​ហើយ និង​កំពុង​ព​ន្លឿ​ន​ការសាងសង់ ដើម្បី​បានបញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក។

មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​សាងសង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គម្រោង​សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេសាប​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន OCIC មួយ​ខ្សែ​នេះ សម្រេចបាន​ជាង៣០ភាគរយ ហើយ​ក្រុមការងារ​សាងសង់​កំពុង​ព​ន្លឿ​ន​ឱ្យ​ចប់​តាម​ផែនការ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​ចេញចូល​ក្នុង​ក្រុង។

មន្ត្រី​ជំនាញ​ដដែល​បានឱ្យដឹង ស្ពានបេតុង​ដែល​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ នៅមុខ​ឃ្លាំង​សាំង​មួយ​នេះ​មាន​ប្រវែង​ជាង៥០០ម៉ែត្រ និង​ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង១,២៥ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន៣៤ម៉ែត្រ។

សរសរ​សម្រាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន៤គន្លង ផ្លូវ​សម្រាប់​យានយន្ត​មាន​ទទឹង ៣.៧៥ម៉ែត្រ,គន្លង​ធ្វើចរាចរ២ខ្សែ​ទៅ២ខ្សែ​មក កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា១០.៥ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង២០,៥ម៉ែត្រ​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍។

ស្ពាន​នេះ​មាន​តួនាទី​សំខាន់ ក្នុង​ការរួម​ម​ចំណែក រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវជាតិ​លេខ៥ ហើយក៏​ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​ចំណងដៃ​ថ្មី​សម្រាប់​រាជធាន​ភ្នំពេញ​ពី​រដ្ឋាភិបាល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here