ការសិក្សា៖ តម្លៃខុនដូក្នុងខណ្ឌចំនួន២នៅក្នុងទីក្រុងភ្នំពេញ បន្តហក់ឡើង

0

ដោយ៖ ប៊ី
ភ្នំពេញ៖ តម្លៃខុនដូក្នុងខណ្ឌចំនួន២នៅក្នុងទីក្រុងភ្នំពេញ បន្តមានការកើនឡើង ខណៈតម្លៃខុនដូក្នុងខណ្ឌចំនួន៥ មិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការរបាយការណ៍ក្រុមហ៊ុន Realestate.com.kh។

គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ខណ្ឌចំការមន មានតម្លៃជាមធ្យម ១៨៥ ០០០ ដុល្លារក្នុងមួយយូនីត ខណ្ឌដូនពេញមានតម្លៃ ១៨៨ ៨៨៨ ដុល្លារ ខណ្ឌ៧មករាមានតម្លៃ ១៣៩ ០០០ ដុល្លារ ខណ្ឌទួលគោក មានតម្លៃ ១៨៦ ៧៣៨ ដុល្លារ ខណ្ឌជ្រោយចង្វារ ១៣៧ ០០៦ដុល្លារ ខណ្ឌច្បារអំពៅមានតម្លៃ ៩០ ០០០ ដុល្លារ ខណ្ឌមានជ័យមានតម្លៃ ១០៨ ៧២០ដុល្លារ ខណ្ឌសែនសុខមានតម្លៃ ១៣០ ០០០ ដុល្លារ ខណ្ឌពោធិ៍សែនជ័យមានតម្លៃ ៩៨ ០២១ ដុល្លារ ខណ្ឌដង្កោមានតម្លៃជាមធ្យម ១៥០ ៤៤៩ ដុល្លារ និងខណ្ឌឬស្សីកែវមានតម្លៃ ១៣០ ០០០។ នេះបើយោងតាមការរបាយការណ៍ក្រុមហ៊ុន Realestate.com.kh។

ទិន្នន័យ តម្លៃខុនដូក្នុងខណ្ឌចំនួន២មានការកើនឡើង ក្នុងនោះរួមមានខណ្ឌទួលគោក និងខណ្ឌសែនសុខ។ តម្លៃខុនដូក្នុងខណ្ឌទួលគោកបានកើនឡើង ៣,៩០ ភាគរយ ខណៈខណ្ឌសែនសុខមានការកើនឡើង ០,៧៨ភាគរយ។ ជាមួយគ្នានេះដែរ តម្លៃនៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌឬស្សីកែវមានការប្រែប្រួលនោះទេ។

ទិន្នន័យ បានបង្ហាញថា តម្លៃខុនដូក្នុងខណ្ឌចំនួន៤នៅក្នុងទីក្រុងភ្នំពេញមានការធ្លាក់ចុះ ក្នុងនោះរួមមានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។ តម្លៃខុននៅខណ្ឌដូនពេញមានការធ្លាក់ចុះ០,៥៩ភាគរយ ខណ្ឌជ្រោយចង្វារធ្លាក់ចុះ ២,១៤ ភាគរយ ខណ្ឌមានជ័យធ្លាក់ចុះ០,៣៨ភាគរយ និងខណ្ឌពោធិ៍សែនជ័យ ១០.៨៩ភាគរយ។

លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា ប្រទេសកម្ពុជានៅតែមានតម្លៃល្អ សម្រាប់វិនិយោគិនចិន។ តម្លៃមិនខ្ពស់ពេកទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់គម្រោងដែលមានគុណភាពល្អ) ហើយការវិនិយោគអចលនទ្រព្យនៅទីនេះត្រូវបានគិតជាដុល្លារ ដែលទាក់ទាញសម្រាប់មនុស្សជាច្រើន។

វិនិយោគិនក៏អាចជឿជាក់លើវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងសាងសង់ថ្មី។
លោក Hodge បានមានប្រសាសន៍ថា “នៅពេលដែលយើងមើលទៅលើការអភិវឌ្ឍន៍ ជាពិសេសក្នុងរយៈពេល ១៨ ខែកន្លងមកនេះ យើងបានឃើញការរចនាគម្រោងជាច្រើនមានការទាក់ទាញស្របតាមការរំពឹងទុករបស់ប្រជាជន និងជាមួយនឹងភាពសំបូរបែបនៃការពង្រីកខ្លួនរបស់គម្រោង” ។

លោក បានបន្តថា “ការបង្វែរទិសដៅវិនិយោគទៅតំបន់វិនិយោគបន្ទាប់ពីតំបន់សំខាន់ៗ ដែលអាចឱ្យអ្នកអភិវឌ្ឍន៍ផ្តល់ជូននូវតម្លៃកាន់តែប្រសើរ ក៏អាចទាក់ទាញអ្នកទិញបរទេស និងក្នុងស្រុកចូលមកទីផ្សារបានកាន់តែច្រើនផងដែរ” ។
លោកបានបន្ថែមថា នៅក្នុងទីផ្សារបច្ចុប្បន្នការបញ្ចុះតម្លៃក្នុងចន្លោះពី ៨ ទៅ ១៥ ភាគរយត្រូវបានផ្តល់ជួន។ ខណៈពេលដែលការជួលបានធ្លាក់ចុះ ចាប់តាំងពីការរាតត្បាតនេះ លោក Hodge និយាយថា វិនិយោគិននៅតែអាចរំពឹងថានឹងទទួលបានចំណេញត្រឡប់មកវិញពី៥.៥ ទៅ ៦ភាគរយសម្រាប់ខុនដូ ដែលមានគុណភាពនៅទីតាំងល្អ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គា ដែលមានជំនាញផ្នែកទីផ្សារខុនដូនៅកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គ្រប់ការិនិយោគទាំងអស់ គឺសុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណង ទទួលបានប្រាក់ចំណេញត្រឡប់មកវិញក្នុងអត្រាខ្ពស់ដូចគ្នា។

លោកបន្តថា “ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យជារឿងត្រឹមត្រូវ ហើយមិនថាពេលនេះ ឬបន្តទៅថ្ងៃអនាគតនោះទេ វិស័យមួយនេះគឺនៅតែមានប្រជាប្រិយភាព និងនៅតែមានឱកាសទទួលចំណេញ”។ លោកបន្តថា “បើគេប្រៀបធៀបការវិនិយោគ ដោយការយកលុយទៅទិញខុនដូទុកវិនិយោគ និងការយកលុយទៅដាក់នៅធនាគារដើម្បីទទួលបានចំណូល ខ្ញុំអាចបញ្ជាក់ថា ការវិនិយោគជាមួយខុនដូមានផលល្អជាង”។

លោកគង្គាបានបន្តថា ចំណូលដែលអាចទទួលបាន ពីការដាក់លុយនៅធនាគារគឺបានមកតាមរយៈអត្រាការប្រាក់ ដែលជាទូទៅអាចស្ថិតក្នុងរង្វង់៣,៥ភាគរយក្នុងមួយឆ្នាំ ដែលចំណូលនេះ នៅមិនទាន់បានគិតបញ្ចូលពីកាតព្វកិច្ច បង់ពន្ធជូនរដ្ឋនៅឡើយនោះទេ។ ដោយឡែកសម្រាប់ការយកលុយទៅទិញខុនដូ គឺអាចទទួលបានផលចំណេញច្រើនជាងនេះ និងទៅតាមអាយុកាលនៃការអភិវឌ្ឍន៍ ដោយរាប់ចាប់គិតពីពេលគម្រោង ផ្តើមបុកគ្រឹះរហូតដល់ពេលគម្រោងបញ្ចប់ការសាងសង់ និងដាក់បញ្ចូលទៅក្នុងទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here