ការអភិវឌ្ឍខុនដូនៅតែបន្តបាញ់ឆ្ពោះទៅភាគខាងជើងនៃរាជធានីភ្នំពេញ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន ដែលនៅពេលនិយាយពីវិស័យខុនដូ គេតែងនឹកឃើញដល់តំបន់កណ្តាលក្រុង ដូចជាខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌ៧មករា ជាដើម ប៉ុន្តែពេលនេះទីផ្សារខុនដូបានប្ដូរទិសដៅ បាញ់ឆ្ពោះទៅកាន់តំបន់ភាគខាងជើងក្រុងវិញម្ដង ជាក់ស្ដែងដូចជាខណ្ឌសែនសុខ ដែលកំពុងមានសកម្មភាពច្រើនគម្រោង។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ប្រា​ប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះទីផ្សារខុនដូដែលមានតម្លៃមធ្យម បានចាប់ផ្តើមមានតម្រូវការជាបណ្តើរៗ ហើយក្នុងនោះអតិថិជនដែលជាជនជាតិខ្មែរក៏មានច្រើនដែរ។

លោកបញ្ជាក់ថា “ការជំរុញឱ្យមានកំណើននៃតម្រូវការទីផ្សារខុនដូ គឺបណ្តាលមកពីកត្តារួមផ្សំជាច្រើន រួមមានដូចជាការយល់ដឹងពីភាពល្អប្រសើរ នៃការរស់នៅបែបទំនើប កត្តាកំណើនប្រជាសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ជាពិសេសកត្តានៃការកកស្ទះចរាចរណ៍ ហើយក្រៅពីនេះ ក៏មានការចូលរួមចំណែកពីការជួញដូ អចលនទ្រព្យដើម្បីចំណេញផងដែរ”។

ដោយឡែកពាក់ព័ន្ធទៅនឹងទំនោរនៃការវិនិយោគ និងអភិវឌ្ឍន៍សំណង់ខុនដូនៅក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ន ត្រូវបានលើកបញ្ជាក់ប្រាប់ថា តម្លៃដីនៅកណ្តាលក្រុងបានឡើងខ្ពស់ដល់កម្រិត ដូច្នេះអ្នកអភិវឌ្ឍន៍តែងសិក្សាទៅលើទីតាំង ដែលមានតម្រូវជាក់ស្ដែង ជាពិសេសកត្តាតម្លៃដី ដែលអាចអនុគ្រោះដល់ការវិនិយោគរបស់ពួកគេ។

លោកបានបញ្ជាក់ថា តម្លៃដីនៅកណ្តាលក្រុងបានឡើងខ្ពស់ រហូតនៅតំបន់ខ្លះ ៨០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍ប្រភេទខុនដូតម្លៃមធ្យមនោះទេ។ ផ្ទុយទៅវិញ តម្លៃដីដែលអាចផ្តល់ឱកាសចំណេញក្នុងការវិនិយោគខុនដូប្រភេទនេះ គឺស្ថិតក្នុងតម្លៃជាង១០០០-១៥០០ដុល្លារក្នុងម៉ែត្រការ៉េ។ លោកបន្តថា បច្ចុប្បន្ននៅខណ្ឌសែនសុខ បានក្លាយជាតំបន់គោលដៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍សំណង់ខុនដូ ខណៈដែលតំបន់សែនសុខនេះ បានឆ្លងផុតពីគម្រោងវិនិយោគលើលំនៅដ្ឋានកម្រិតមធ្យមទៅហើយ។

ចំណែកលោក ខន គង្គា អគ្គនាយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodiaបានទទួលស្គាល់ពីភាពរីកចម្រើន នៃទីផ្សារខុនដូនៅក្នុងខណ្ឌសែនសុខ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។

លោកបានមានប្រសាសន៍ថា “សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់”។លោកបន្តថា “អ្នកទិញខុនដូប្រភេទនេះមាន២ ទី១ អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២ គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក”។

លោកខន គង្គា បានបង្ហាញពីភាពជឿជាក់ថា តម្រូវការទីផ្សារខុនដូកម្រិតមធ្យម នឹងនៅតែបន្តមាន ជាពិសេសតម្រូវការជាក់ស្ដែង ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាចំណែកមួយយ៉ាងសំខាន់នៅក្នុងវិស័យមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here