ដោយៈ រ៉ាណេត
ភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការផ្សព្វផ្សាយសាជាថ្មីដោយបង្ហាញពីក្ដីព្រួយបារម្ភទៅសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់អគារចាស់ទ្រុឌទ្រោមនិងមានអាយុកាលប្រមាណ៧០ឆ្នាំនោះត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី ស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអាគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រមុនីវង្ស និងមហាវិថីកម្ពុជាក្រោម បានធ្វើការក្រើនរំលឹកពីការបង្កើនក្ដីប្រុងប្រយ័ត្ន ទាក់ទងនឹងសុវត្ថិភាពដែលអាចបង្កឡើងដោយការបាក់ស្រុតនៃសំណង់អគារចាស់ទាំងនេះ។
សំណង់អគារចាស់ដែលបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០នេះរាប់ទាំងអគារចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១សង្កាត់មនោរម្យខណ្ឌ៧មករារាជធានីភ្នំពេញដែលធ្លាប់ទទួលបានសេចក្ដីជូនដំណឹងពីសំណាក់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រួចមកហើយនោះមានចំនួនសរុបរហូតដល់ប្រមាណ២៤៤ទីតាំង។
អភិបាលខរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀសវាង មានហានិភ័យអ្វីកើតឡើង។
ការណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះសំណង់ ដែលមានអាយុកាលចាស់ទ្រុឌទ្រោមនេះ លោកថ្លែងថា “កុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថាការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់”៕