ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកវិនិយោគអចលនទ្រព្យ ជាពិសេសអ្នកវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែក ជា៣ ប្រភេទធំៗ ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្ត ក្រុង និងតំបន់ដែលសក្តានុពលខ្ពស់។
លោក ឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានមើញឃើញថា អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មាន ៣ ប្រភេទធំៗ និងអាស្រ័យលើធនធាន និងលំហូរសាច់ប្រាក់របស់ពួកគេ។
១) អ្នកវិនិយោគអចលនទ្រព្យកម្រិតទាប
អ្នកវិនិយោគប្រភេទនេះ បានចំណាយធនធានរបស់ខ្លួនលើការទិញដីក្នុងទំហំតូច ៗ ដែលអាស្រ័យទៅលើធនធានរបស់ពួកគេដែលមាន ដូចជាការទិញដីឡូតិ៍ ៤ x ២០, ៥x២០ និង ១០ x ២០ ជាដើម ហើយមានតម្លៃធូថ្លៃ។
២)អ្នកវិនិយោគអចលនទ្រព្យកម្រិតកណ្តាល
អ្នកវិនិយោគប្រភេទនេះ បានចំណាយថវិការបស់ខ្លួប្រមាណ ១០ ទៅ ៥០ម៉ឺនដុល្លារអាមេរិកក្នុងការវិនិយោគអចលនទ្រព្យ ជាពិសេសដីធ្លី ឬ អាចនិយាយបានថា អ្នកវិនិយោគប្រភេទនេះ ជាអ្នកវិនិយោគកម្រិតមធ្យម។
៣) អ្នកវិនិយោគអចលនទ្រព្យកម្រិតខ្ពស់
អ្នកវិនិយោគប្រភេទនេះ ត្រូវបានចំណាយថវិកាប្រមាណ៥០ ម៉ឺនដុល្លារអាមេរិកឡើង ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ហើយអ្នកដែលចំណាយថវិកាច្រើនបែបនេះ ជាប្រភេទអ្នកមាន ឬ អ្នកដែលមានធនធានគ្រប់គ្រាន់ ។
លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា អ្នកវិនិយោគទាំង ៣ ប្រភេទនេះ គឺមានគោលបំណងផ្សេងៗគ្នា ដោយអ្នកខ្លះ វិនិយោគសម្រាប់សាងសងលំនៅឋាន ផ្ទះល្វែង ខុនដូ និងទុកលក់យកចំណេញជាដើម ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើនវិនិយោគលើវិស័យអចលនទ្រព្យមិនបានដឹងពីគោលបំណងច្បាស់លាស់ដែលបណ្តាលឱ្យមានការខូចប្រយោជន៍ (លក់មិនចេញ)។
លោកក៏បានណែនាំដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យទាំងអស់ត្រូវដឹងពីគោលបំណងរបស់ខ្លួនមុននឹងសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ឬវិស័យដីធ្លីជាដើម ជាពិសេសត្រូវដឹងពីតំបន់សក្តានុពល និងគម្រោងអភិវឌ្ឍន៍ឱ្យច្បាស់លាស់៕