ដោយៈ រ៉ាណេត
ព្រះសីហនុៈ គម្រោងអភិវឌ្ឍក្រុងថ្មីនៃតំបន់ឆ្នេររាម ខេត្តព្រះសីហនុ កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង ជាមួយនឹងទុនវិនិយោគសរុប រហូតដល់ ១០០០លានដុល្លារ ដែលនឹងគ្រោងផ្ដើមបើកការដ្ឋានសាងសង់ ក្នុងជំហានដំបូងនៅពេលឆាប់ៗខាងនេះ។
គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ដែលមានទំហំទឹកប្រាក់វិនិយោគយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងធ្វើឱ្យតំបន់រាម ខេត្តព្រះសីហនុ ក្លាយជាទីឋានដ៏អស្ចារ្យ ដែលមានការអភិវឌ្ឍចំរុះ ដូចជាបណ្តុំលំនៅដ្ឋានប្រភេទវីឡា កម្រិតអភិជន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារផ្កាយ៥ រួមនឹងតំបន់កម្សាន្តជាច្រើនទៀត ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនដ៏ធំមកពីសឹង្ហបូរី។
នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH អ្នកនាងលីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងនៅដើមសប្ដាហ៍នេះថា គម្រោងអភិវឌ្ឍន៍ទីក្រុងស៊ីវិល័យដ៏ធំមួយនេះ នឹងត្រូវបានបែងចែកជាដំណាក់កាល និងតំបន់ផ្សេងគ្នាជាច្រើន ដែលក្នុងនោះរួមមានដូចជា លំនៅដ្ឋានលំហែរកាយបែបវីឡាកម្រិតអភិជន (៣ប្រភេទផ្សេងគ្នា) សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ ផ្សារទំនើប ក្លឹបលើឆ្នេរសមុទ្រ រួមជាមួយនឹងអាងហែលទឹកសមុទ្រសិប្បនិម្មិត CRYSTAL LAGOON ដ៏ធំនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ ដែលមានទំហំរហូតដល់៦ហិកតា។
លំនៅដ្ឋានបែបវីឡាទាំង៣ប្រភេទ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំនិងលើកដំបូងនៅក្រុងរាមមួយនេះ គឺសុទ្ធតែមានលក្ខណៈខុសប្លែកពីគម្រោងទូទៅ ដោយសារតែក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅ បែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ។
អ្វីដែលរឹតតែអស្ចារ្យ និងជាភាពទាក់ទាញនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាវីឡា សម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានភាពអស្ចារ្យជាច្រើនទៀត ក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ” ។ គ្រប់វីឡាទាំងអស់ សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ។
គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ក្នុងដំណាក់ដំបូងនេះ ស្ថិតនៅតំបន់ដែលពោរពេញ ទៅដោយសម្រស់ធម្មជាតោយ៉ាងត្រកាល ដោយនៅពីក្រោយគម្រោងមានជួរភ្នំដ៏ខ្ពស់ និងវែងអន្លាយ នៅពីគម្រោងជាប់ជាមួយនឹងបឹងកោងកាង នៅចំពីមុខគម្រោងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ភ្ជាប់ជាមួយនឹងមហាវិថីឆ្នេររាម ដែលមានទំហំ៥០ម៉ែត្រ តភ្ជាប់ទៅកាន់ឆ្នេរអូរត្រេះ៕