អចលនទ្រព្យក្នុងតំបន់ចំនួន៣នៅទីក្រុងភ្នំពេញកំពុងប្រជែងទីផ្សារយ៉ាងសកម្ម

0

ដោយ ហ្សូលី

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាចាប់ផ្តើមកម្រើកបន្តិចម្តងៗបន្ទាប់ពីសេដ្ឋកិច្ចនៅក្នុងតំបន់មានភាពប្រសើរឡើងជាងមុន។ក្នុងនោះសក្តានុពលនៃតំបន់រួមទាំងតម្លៃប្រភេទអចលនទ្រព្យនិមួយៗនៅក្នុងតំបន់ចំនួន៣បានប្រកួតប្រជែងគ្នាបង្អួតពីចំនុចល្អរៀងៗខ្លួន។

ខណ្ឌដង្កោ

តំបន់នេះបានប្រែរូបរាងថ្មីស្រឡាង ជាមួយបណ្តុំអគារខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រមទាំងបុរីលំនៅដ្ឋានជាច្រើនគម្រោងផងដែរ។ កត្តាប្រជាសាស្រ្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានជម្រុញឱ្យតំបន់នេះ ត្រៀមក្លាយជាតំបន់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) នាពេលអនាគត។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកប្រចាំក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា ខណ្ឌដង្កោមានចំនួនប្រជាជនចំណាកស្រុកចូលមកច្រើន ជាហេតុជម្រុញឱ្យតម្រូវការអចលនទ្រព្យ មានការកើនឡើង។ ចំណែកឯតម្លៃដីធ្លីវិញបានឡើងពីមួយកម្រិតទៅមួយកម្រិតសម្រាប់ទីតាំងជាទីប្រជុំជននិងមានការអភិវឌ្ឍរួចស្រេច។

ខណ្ឌជ្រោយចង្វារ

តំបន់នេះមានការអភិវឌ្ឍច្រើនលើវិស័យអចលនទ្រព្យមិនថាវិស័យដីធ្លីនិងបុរីលំនៅដ្ឋានឡើយដោយឡែកវិស័យខុនដូហាក់បីដូចជាមានភាពរីកដុះដាលច្រើនជាងគេបើប្រៀបធៀបជាមូយប្រភេទអចលវត្ថុដទៃ។

យោងតាមសិក្សារបស់ក្រុមហ៊ុនRealestate.com.kh ដែលបានផ្សព្វផ្សាយបង្ហាញកាលពីដើមខែសីហាថា ទីផ្សារអចលនទ្រព្យប្រភេទខុនដូនៅក្នុងតំបន់នេះ មានការប្រែប្រួលតម្លៃបន្តិចបន្តួច ដែលបច្ចុប្បន្នមានចាប់ពី៩០,០០០ដុល្លារឡើងទៅ។

សក្តានុពលខណ្ឌនេះក៏មិនចាញ់តំបន់ដទៃទៀតដែរពោលមានការវិនិយោគជាតំបន់កម្សាន្តជាច្រើនដូចជាសួនទឹកកម្សាន្តមណ្ឌលកម្សាន្តសួនសត្វសណ្ឋាគារជាដើម។

ខណ្ឌសែនសុខ

មួយរយៈចុងក្រោយខណ្ឌនេះត្រូវបានអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាជាច្រើនរូបកោតសរសើរពីសក្តានុពលនិងទីផ្សារអចលនទ្រព្យក្នុងតំបន់មួយនេះ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹកសុខនីមលើកឡើងថាតំបន់សែនសុខទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីគម្រោងអភិវឌ្ឍធំៗចូលខ្លួនមកវិនិយោគដូចជាផ្សារទំនើបលំដាប់អន្តរជាតិនិងគម្រោងអភិវឌ្ឍលំនៅដ្ឋានធំៗក្នុងស្រុកជាដើម។

បន្ថែមពីលើនេះ នាយិកាក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានរៀបរាប់ថា តំបន់សែនសុខបច្ចុប្បន្ន បានឈានទៅរកវិស័យសំណង់កម្រិតខ្ពស់ ជាបណ្តើរៗ និងមានតម្រូវការចំពោះគម្រោងខុនដូ ដែលជាហេតុផលនាំឱ្យទីផ្សារអចលនទ្រព្យមានភាពលេចធ្លោជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here