ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងរាជធានីភ្នំពេញកំពុងមានកំណើនខ្ពស់នៅក្នុងឆមាសទី២ឆ្នាំនេះ ទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថាបានចាប់ផ្តើមវិលមករកភាពល្អប្រសើរវិញជាបណ្តើរៗ ប៉ុន្តែតម្លៃនៃការជួលមានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆមាសទី១ក្នុងឆ្នាំ២០២០កន្លងទៅនេះ។
អ្នកជំនាញនៅក្នុងវិស័យខុនដូកម្ពុជា លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ថា ឲ្យដឹងនាព្រឹកថ្ងៃទី៤ កញ្ញានេះថា ចាប់តាំងពីដើមឆមាសទី២ ឆ្នាំ២០២០ ទីផ្សារខុនដូនៅកម្ពុជា ដែលសំខាន់នៅក្នុងរាជធានីភ្នំពេញ បានបន្តកើនឡើងនូវការផ្គត់ផ្គង់ ពោលគឺមានគម្រោងខុនដូចំនួន៦០អគារត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង។
លោកស្រីបានបញ្ជាក់ថា នៅក្នុងចំណោមនៃចំនួនខុនដូទាំង៦០ គម្រោងត្រូវបានបែងចែកចេញជា៣កម្រិត រួមមានកម្រិតAចំនួន៥៨០០យូនីត កម្រិតB ចំនួន៩៧០០យូនីត និងកម្រិតC ចំនួន៥២០០យូនីត និងត្រូវបានដាក់បញ្ចូលទៅការផ្គត់ផ្គង់ទីផ្សាររួម។
ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងទីផ្សាររួមនៅពេលនេះ លោកស្រី អាន សុធីតា បានបញ្ជាក់ថា ទីផ្សារខុនដូ បើប្រៀបធៀបទៅនឹងឆមាសទី១ គឺមានភាពល្អប្រសើរឡើងវិញបន្តិ ខណៈដែលតម្លៃត្រូវបានបញ្ចុះ។ ជាក់ស្ដែងដូចជាតម្លៃនៃការជួលយូនីតខុនដីកម្រិតA ១ស្ថិតក្នុងតម្លៃ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតB ១១-១២ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិតC ស្ថិតក្នុងតម្លៃ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។
គិតត្រឹមពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២០ ជាមួយនឹងកំណើននៃចំនួនគម្រោងខុនដូគ្រប់កម្រិតត្រូវបញ្ចប់៦០គម្រោងខាងលើនេះ មានយូនីតខុនដូសរុបរហូតដល់ប្រមាណ២០៧០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត នៅកំឡុងចុងឆ្នាំ២០២០ បន្ទាប់គម្រោងខុនដូចំនួន២ផ្សេងទៀតអាចនឹងត្រូវបានបញ្ចប់ទាំងស្រុង៕