ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ដែលអមសងខាងផ្លូវដោយចំការបន្លែ ផ្លែឈើធម្មជាតិ និងសួនផ្កា ផ្លូវជាតិ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) ឬផ្លូវក្រវ៉ាត់ក្រុងទី២ នៅពេលនេះបានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទាន់សម័យដោយមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ។
អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ តំបន់ដែលស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវលេខ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) មិនមែនត្រឹមតែជាតំបន់ដែលពោរពេញទៅដោយចំការស្វាយ ចំការផ្កា និងបន្លែស្រស់ទៀតនោះទេ ជាក់ស្ដែងពេលនេះទីតាំងមួយនេះត្រូវបានចាក់ដីបំពេញ និងជំនួសដោយវត្តមានសំណងលំនៅដ្ឋានស្អេកស្កះ។
លោកស្រីបានបន្តថា “ចាប់ពីចំណុចស្តុបបំបែកចេញពីផ្លូវជាតិលេខ១ ដែលស្ថិតនៅសងខាងផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) នេះ ភាគច្រើនមានសំណង់ផ្ទះវីឡាធំៗ និងគម្រោងសាងសង់បណ្តុំលំនៅដ្ឋានជាច្រើន ហើយក្នុងនោះក៏មានសំណង់បុរីដែលកំពុងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនផងដែរ៕
លោកស្រីបន្តថា “នៅតំបន់នេះមានលក្ខខណ្ឌល្អជាច្រើនដែលអំណោយផលដល់ការរស់នៅ ព្រោះផ្លូវ១១៤ បានប្រែក្លាយជាផ្លូវសេដ្ឋកិច្ចយ៉ាងប្រសើរ និងងាយស្រួលធ្វើដំណើរ ដោយគ្រាន់តែចំណាយពេលជាង១០នាទីតាមផ្លូវជាតិលេខ១ ឬក៏អាចធ្វើដំណើរតាមក្រុងតាខ្មៅក៏ចំណាយពេលជាង១០នាទីដូចគ្នាឆ្លងតាមស្ពានព្រែកសំរោង នោះអាចបន្តឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ទៅដល់ផ្សារទំនើបអ៉ីអនម៉ល៣ និងងាយស្រួលចេញទៅតាមបណ្តាខេត្តផ្សេងៗក៏បាន”។
បើតាមការបញ្ជាក់ពីសំណាក់អ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននៅតំបន់ក្បែរផ្លូវ១១៤នេះមានគម្រោងបុរីលំនៅដ្ឋានជាច្រើនកំពុងសាងសង់យ៉ាងមមាញឹក ជាពិសេស បុរី គីម ស័ង ដែលគេមើលឃើញថាកំពុងមានសកម្មភាពសាងសង់យ៉ាងសកម្មនៅលើដីទំហំប្រមាណ៥ហិចតា ជាប្រភេទវីឡាកូនកាត់ វីឡាភ្លោះ និងប្រភេទហ្សបហោស៍ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៤នេះតែម្ដង ចម្ងាយប្រមាណ៥០ម៉ែត្រពីរោងចក្រផលិតស្រាបៀរថៃហ្គ័រ និងក្បែរទីលានវាយកូនហ្គោលរបស់ក្រុមហ៊ុនវឌ្ឍនៈដែលកំពុងអភិវឌ្ឍន៍។
ហេតុផលសំខាន់ដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍបុរីសំណង់លំនៅដ្ឋានជាច្រើនចូលមកកាន់តំបន់នេះក៏ព្រោះតែភាពអំណោយផលជាច្រើន ដូចជា ជាតំបន់បៃតង មានទន្លេពីរអមសងខាង ល្អសម្រាប់ការរស់នៅប្រកបដោយផាកសុខភាព និងមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍន៍ ជាពិសេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនអនុគ្រោះដល់ការធ្វើចរាចរណ៍ ហើយនៅថ្ងៃខាងមុខនេះ តម្លៃអចលនទ្រព្យនៅតំបន់នេះនឹងមានសន្ទុះឡើងថ្លៃជាមិនខាន។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ធ្លាប់បានមានប្រសាសន៍ថា ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់សុទ្ធតែមានតម្រូវការទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “សម្រាប់នៅតំបន់ផ្លូវជាតិ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) ដូចដែលបានលើកឡើងខាងលើ បច្ចុប្បន្នពិតជាមានសកម្មភាពសាងសង់សំណង់លំនៅដ្ឋានច្រើនជាងឆ្នាំកន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីកាលានុវត្តភាព និងភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគនានានៃវិស័យឯកជន”។
លោកឧកញ៉ាបញ្ជាក់ថា “ការបង្ហាញវត្តមាន និងសកម្មភាពសាងសង់សំណង់លំនៅដ្ឋានទាំងនេះ ជាការអនុវត្តទៅតាមគម្រោង និងផែនការរបស់អ្នកអភិវឌ្ឍន៍ ប៉ុន្តែសម្រាប់តម្លៃនៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់នេះ ហាក់ឈានដល់ចំណុចមួយខ្ពស់រួចទៅហើយ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបញ្ជាក់ថា ពេលនេះតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២នេះ នៅតែផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន មិនថាពេលនេះ ឬ ៣-៥ឆ្នាំ ខាងមុខទៀត៕