ដោយវុត្ថា
ឥណ្ឌាៈ រដ្ឋាភិបាលឥណ្ឌា បានអនុញ្ញាត្តឲ្យរដ្ឋGujarat សាងសង់អគារកំពស់៧០ជាន់ឡើង នៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុង Ahmedabad ទីក្រុង Vadodara ទីក្រុងSurat ទីក្រុងRajkot និង ទីក្រុងGandhinagar ដើម្បីប្រជែងជាមួយនឹងបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់រួម។

យោងតាមការចុះផ្សាយរបស់គេហទំព័រmoneycontrol.com បានឱ្យដឹងថា បច្ចុប្បន្ននេះ ច្បាប់របស់រដ្ឋាបាលរបស់រដ្ឋGujarat បានអនុញ្ញាតឱ្យសាងសង់អាគារកម្ពស់ ២៣ ជាន់សម្រាប់អាគារខ្ពស់ៗប៉ុណ្ណោះ ។ ដូច្នេះបានរដ្ឋាភិបាលរដ្ឋនេះ បានសម្រេចធ្វើវិសោធនកម្មច្បាប់ទូទៅ ((general development control regulations)) ដើម្បីអនុញ្ញាតឱ្យមានការសាងសង់ សំណង់អគារខ្ពស់ៗចាប់ពី៧០ជាន់ឡើងទៅ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលនៃរដ្ឋ Gujarat បានបញ្ជាក់ថា ច្បាប់ថ្មីនេះ ត្រូវអនុម័តដែលនឹងត្រូវអនុវត្តន៍ ចំពោះសំណង់ដែលមានកម្ពស់ជាង១០០ម៉ែត្រឡើង។ ជាមួយគ្នានេះ គណៈកម្មាធិការបច្ចេកទេស ពិសេសមួយនឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការយល់ព្រមដល់គម្រោងសាងសង់នានា។

ប្រភពដដែលបន្តថា ជាមួយនឹងការសាងសង់អគារខ្ពស់ៗនៅក្នុងទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជន និងការងារជាច្រើនផ្សេងទៀត នៅទីក្រុងក៏នឹងកើនឡើងផងដែរ។ ការអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗនេះ ក្នុងគោលបំណងដាក់រដ្ឋGujarat នៅក្នុងផែនទីពិភពលោក ដែលអាចប្រកួតប្រជែងជាមួយ នឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម ប្រទេសសឹង្ហបុរី និងប្រទេសផ្សេងទៀត ដែលមានត្រូវបានគេដឹងថាមានអគារខ្ពស់ៗច្រើន។
អភិបាលរដ្ឋ Gujarat លោកVijay Rupani បានថ្លែងថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការប្រើប្រាស់ដីល្អបំផុត ហើយវានឹងនឹងជួយបញ្ចុះតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងផងដែរស្របពេលដែលមានការអនុញ្ញាតសាងសង់សំណង់ខ្ពស់៕






