អត្ថប្រយោជន៍នៃការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលអ្នកវិនិយោគមិនគួរមើលរំលង

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ កម្ពុជាកំពុងមានភាពមមាញឹកក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែង ជាពិសេសផ្លូវក្រវ៉ាត់ក្រុងដែលជាប្រព័ន្ធដឹកជញ្ជូនយ៉ាងសំខាន់ និងជាកត្តាមួយរួមចំណែកជម្រុញវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើនល្អប្រសើរបន្ថែមទៀត។

ការវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ត្រូវបានអ្នកជំនាញអចលនទ្រព្យជាច្រើនរូបបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួនដូចជា ៖

តម្លៃសមរម្យ

ពេលនេះតម្លៃនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងនៅមានភាពសមរម្យ មិនថ្លៃដូចក្នុងក្រុង ដែលវាជាឱកាសល្អមួយក្នុងការវិនិយោគខណៈដែលតម្លៃដីធ្លីនៅក្នុងក្រុង និងជាយក្រុង តែងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំក្នុងចន្លោះប្រមាណ ១០-១៥ភាគរយ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ថា ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃសមរម្យ។ រីឯការិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងទៀតសោត ហាក់មិនមានឱកាសទៀតនោះទេ។
ចំនុចនេះរុញឱ្យអ្នកវិនិយោគភាគច្រើនងាក់ទៅចាប់អារម្មណ៍ ទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងវិញ។

ការរស់នៅមានផាសុកភាព

កំណើនប្រជាជនក្នុងទីក្រុង បានធ្វើឱ្យមានបញ្ហាកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែសម្រាប់ចរាចរនៅលើផ្លូវក្រវ៉ាត់ក្រុងវិញ ខុសប្លែកពីក្នុងក្រុង មានភាពទូលាយងាយស្រួលធ្វើដំណើរ។ អ្នកដែលធុញថប់នឹងការរស់នៅក្នុងទីក្រុង អាចនឹងស្រស់ស្រាយនៅពេលទៅរស់នៅតំបន់ផ្លូវក្រវ៉ាត់ក្រុង។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហ៊ួរ បានប្រាប់ថា ចរាចរណ៍នៅតំបន់នោះមានភាពងាយស្រួលច្រើន ហើយបើនិយាយពីការរស់នៅវិញ គេនាំគ្នាសម្រុកទៅទិញម្តុំនោះច្រើន ដោយសារតំបន់នោះមានផាសុកភាព និងអំណោយផលល្អ។

សក្តានុពលសេដ្ឋកិច្ចខ្ពស់ ទទួលបានផលចំណេញច្រើន

ផ្លូវក្រវ៉ាត់ក្រុងគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ។ ផ្លូវក្រវ៉ាត់ក្រុងមានមុខងារសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនខេត្ត ក្រុង ជួយជំរុញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

អ្នកជំនាញនៅក្នុងវិស័យនេះបានលើកឡើងថា សម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ គម្បីទិញដីនៅក្នុងតំបន់នេះសម្រាប់ការវិនិយោគបន្តយកទុកចំណេញ ឬទិញសម្រាប់អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន ឬឃ្លាំង ទាន់ជាឱកាសល្អ ព្រោះបច្ចុប្បន្នគោលដៅរបស់វិនិយោគិននានាកំពុងបាញ់ឆ្ពោះទៅតំបន់ទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here