ដោយៈប៊ី
ភ្នំពេញៈ ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេស តាមបណ្តោយខ្សែក្រវាត់ និងផ្លូវដោយបាន និងកំពុងជំរុញការបង្កើតជានិម្មាបនកម្មថ្មី នៃសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ប្រទេសចិន។

មន្ទីរស្រាវជ្រាវស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិន បានចេញរបាយការណ៍កាលពីថ្ងៃទី៧ ខែកញ្ញា ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគខ្សែក្រវាត់ និងផ្លូវនៃប្រទេសចិនប្រចាំឆ្នាំ២០២០កន្លងមកនេះ។
របាយការណ៍នេះ បានបង្ហាញជាសំខាន់នូវសមិទ្ធផលជាផ្លែផ្កា របស់ប្រទេសចិននិងប្រទេសពាក់ព័ន្ធតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ ក្នុងវិស័យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយធ្វើការបូកសរុបគ្រប់ជ្រុងជ្រោយនូវបម្រែបម្រួលថ្មី សមិទ្ធផលថ្មី និងទិសដៅថ្មី នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។

របាយការណ៍នេះបង្ហាញថា រយៈពេល៧ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ ហើយបានលើកកម្ពស់នូវសេរីភាព និងកិច្ចសម្រួលផ្នែកពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញដោយឥតឈប់ឈរ នូវការបើកទូលាយចំពោះអន្តរជាតិ ដែលមានកម្រិតខ្ពស់ និងបានជំរុញការបង្កើតជានិម្មាបនកម្មថ្មី នៃសេដ្ឋកិច្ចពិភពលោកផងដែរ។

គិតរហូតដល់ខែឧសភាឆ្នាំ២០២០ រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពី ការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវចំនួន២រយជាមួយប្រទេសចំនួន១៣៨និងអង្គការអន្តរជាតិចំនួន៣០ជាបន្តបន្ទាប់៕






