ដោយ ៖ វុត្ថា
ឌូបៃ ៖ ស្របពេលដែលការរីករាលដាលនៃជំងឺ Covid-19 ដែលបានបំផ្លាញដល់វិស័យឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅទូទាំងពិភពលោក ក្រុមហ៊ុនអភិវឌ្ឍន៍ The First Group បាននឹងកំពុងឈានទៅមុខជាមួយនឹងការសាងសង់សណ្ឋាគារខ្ពស់ជាងគេនៅលើពិភពលោកគឺសណ្ឋាគារ Ciel Hotel នៅក្នុងទីក្រុង Dubai ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ lifestyleasia.com កាលពីពេលថ្មីៗនេះឱ្យដឹងថា សណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ ដែលមាន ៣៦៥ ម៉ែត្រ ដោយមានអាងហែលចំនួន ៧ ប្រកបដោយស្តង់ដារ Olympic បន្ទប់ស្នាក់នៅចំនួន ១.០៤២ រួមជាមួយនឹងបន្ទប់ដ៏ទំនើប ១៥០ ។
សណ្គាគារដ៏ទំនើបនេះ បំពាក់ទៅដោយគ្រឿងបរិក្ខារដ៏ទំនើបសម្រាប់ភ្ញៀវដែលរួមបញ្ចូលទាំងកន្លែងមើលទេសភាពនៅជាន់ទី ៨១ដែលនឹងផ្តល់ឱកាសឱ្យភ្ញៀវ ទស្សនាទេសភាពពីលើកអាកាសនៅក្នុងទីក្រុងឌូបៃ និងឈូងសមុទ្រអារ៉ាប់ផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍ The First Group ឱ្យដឹងទៀតថា សណ្ឋាគារ Ciel Hotel ត្រូវបានរចនាប្លង់សាងសង់ប្រកបដោយភាពច្នៃប្រឌិត មិនមែនជាសណ្ឋាគារខ្ពស់នៅក្នុងទីក្រុងឌូបៃប៉ុណ្ណោះទេ ប៉ុន្តែជាសណ្ឋាគារដែលខ្ពស់ជាងគេនៅលើពិភពលោក។

គម្រោងនេះ នឹងក្លាយជា សណ្ឋាគារថ្មីខ្ពស់កប់ពពកមួយនៅក្នុងទីក្រុងឌូបៃដ៏ល្បីល្បាញ ដែលនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ។
សណ្ឋាគារនេះ នឹងខ្ពស់ជាងសណ្ឋាគារ Gevora នៅផ្លូវ Shaikh Zayed ក្នុងទីក្រុងឌូបៃ កំពស់ត្រឹមតែ ៣៥៦ ម៉ែត្រ ដែលបច្ចុប្បន្នជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកដែលមាន ៧៥ ជាន់។
ក្រុមហ៊ុនអភិវឌ្ឍន៍ The First Grou បញ្ជាក់ថា សណ្ឋាគារ Ciel Hotel នេះ បាននឹងកំពុងសាងសង់បានច្រើនភាគរយហើយ ដែលនឹងដាក់ឱ្យដំណើរកា និងស្វាគមន៍ភ្ញៀវដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ខាងមុខន ៕






