ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត់ត្រូវបានអ្នកវិភាគអះអាងបញ្ជាក់ថាតម្រូវការនៅតែមានខ្ពស់ ខណៈដែលចំនួនប្រជាជនកម្ពជាមានកំណើនរហូតជាង១៥លាននាក់ ហើយចំនួនលំនៅដ្ឋានមានត្រឹមជាង១ខ្នងតែប៉ុណ្ណោះ។
អ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់ដាក់លក់នៅលើទីផ្សារវាមិនមែនជាការងាយស្រួលពេកនោះទេ ដែលអ្នកអភិវឌ្ឍន៍ចាំចាប់មានផែនការមេនៃគម្រោងអភិវឌ្ឍន៍ក្នុងរយៈពេលវែងបន្ថែមពីលើដើមទុនដែលខ្លួនមាន។
លោកបានបញ្ជាក់ថា “មិនមែនមានលុយសុទ្ធតែអាចវិនិយោគ និងអភិវឌ្ឍន៍ ហើយអាចទទួលបានចំណេញនោះទេ។ ខ្ញុំលើកឧទាហរណ៍ថា ប្រសិនបើអ្នកមានលុយទៅទិញដីមកសាងសង់លំនៅដ្ឋានលក់ដោយគ្មានផែនការច្បាស់លាស់ ភាពបរាជ័យគឺមានខ្ពស់បំផុត។ បើអ្នកសាងសង់លំនៅដ្ឋានសម្រាប់ដាក់លក់ក្នុងកម្រិតសមរម្យ ឬតម្លៃក្រោម៧ម៉ឺនដុល្លារដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ តម្លៃដីដែលអាចទិញសម្រាប់សាងសង់គឺត្រូវតែស្ថិតក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើសពីនេះឱកាសនៃការទទួលបានចំណេញគឺមានតិចតួចបំផុត ឬអាចខាតបង់ក៏ថាបាន”។
លោក ម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា “ជាធម្មតា គិតជាមធ្យមក្នុងរង្វង់ដីទំហំ១ហិកតា អត្រាដែលអាចសាងសង់លំនៅដ្ឋានគឺត្រូវបានធ្វើឡើងនៅលើទំហំប្រមាណ៧០ភាគរយតែប៉ុណ្ណោះ ដោយសារកាត់ទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែកការចំណាយទៅលើថ្លៃដើមនៃសំណង់ក៏មានអត្រាខ្ពស់ផងដែរ ដែលគិតជាមធ្យមសំណង់មួយម៉ែត្រការ៉េមានតម្លៃក្នុងចន្លោះជាង ២០០ ទៅ ៣០០ដុល្លារ ក្នុងមួយម៉ែត្រ ហើយបូកបន្ថែមនៃតម្លៃដី គឺថ្លៃដើមនៃលំនៅដ្ឋានជិត៤០០ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃនេះនៅមិនទាន់បូកបន្ថែមទៅលើផ្នែកបរិក្ខា ថ្លៃសេវារដ្ឋបាលជូនរដ្ឋ និងការចំណាយទៅលើសេវាទីផ្សារផ្សព្វផ្សាយនោះឡើយ។ គិតត្រួសៗតម្លៃដើមនៃលំនៅដ្ឋានមួយខ្នងត្រូវចំណាយជិត៤ម៉ឺនរួចជាស្រេច ដូច្នេះការដាក់លក់នៅលើទីផ្សារចាំបាច់ត្រូវតែលើសពី៦ម៉ឺនដុល្លារទើបអាចមានឱកាសចំណេញ”។
ប្រធានសមាគមភ្នាក់ងារ និងអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានទទួលស្គាល់ និងគាំទ្រទៅនឹងការលើកឡើងខាងនេះ ដោយលោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនជាប្រភេទគម្រោងលំនៅឋានតម្លៃសមរម្យ ដែលស្ថិតនៅចន្លោះពីជាង៤ ម៉ឺន ទៅ៨ម៉ឺនដុល្លារ ហើយក៏ជាប្រភេទលំនៅដ្ឋានដែលទទួលបានការចាប់អារមុ្មណ៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកពន្យល់ថា កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជនក្នុងតម្លៃខាងលើនេះ ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានចំណូលមធ្យមនៅឡើយ ដូច្នេះសម្រាប់ប្រភេទលំនៅដ្ឋានដែលមានតម្លៃថ្លៃលើសពី១០ម៉ឺនឡើងទៅ គឺទីផ្សារមានកម្រិត។
លោកបញ្ជាក់ថា “តម្លៃលំនៅដ្ឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានលទ្ធភាពទិញនោះទេ។ ដូច្នេះជាជម្រើសរបស់ពួកគាត់ គឺប្រភេទលំនៅដ្ឋានតម្លៃទាប ឬតម្លៃសមរម្យ ដែលភាគច្រើនមាននៅតាមបណ្តាជាយក្រុង ហើយទីផ្សារលំនៅដ្ឋានប្រភេទនៅតែបន្តមានក្នុងរយៈយូរឆ្នាំទៅមុខទៀត”៕