អ្នកជំនាញ ៖ កម្ពុជានៅតែចាត់ទុកជប៉ុនជាដៃគូវអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ស្របពេលដែលមានការផ្ទុះឡើងនូវជំងឺ Covid-19 ហើយជំរុញឱ្យមានវិបត្តិជាសេដ្ឋកិច្ចសាកល ដែលក្នុងកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរនោះ បានចាត់ទុកប្រទេសជប៉ុនក្នុងចំណោមប្រទេសផ្សេងទៀត ជាដៃគូយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខាន់ ទាំងការវិយោគ និងពាណិជ្ជកម្ម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា យុទ្ធសាស្ត្ររបស់ប្រទេសជប៉ុន គឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសនៅក្នុងតំបន់ទន្លេគង្គ មានទាំងកម្ពុជាផងដែរនោះ គឺធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ច និងការដឹកជញ្ជូន។

លោកបន្តថា ទំហំពាណិជ្ជកម្មជប៉ុននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ បើទោះបីមានផលប៉ះពាល់ខ្លះបង្កឡើងដោយជំងឺ Covid-19 យ៉ាងណាក្តី ។ លោកបន្តថា សម្រាប់យុទ្ធសាស្ត្រពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា គឺមិនរាថយនោះទេ ដោយសារភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរួមគ្នា។

លោកបញ្ជាក់ទៀតថា ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនចូលមកកាន់កម្ពុជា ដោយសារប្រទេសកម្ពុជា ជារដ្ឋមួយដែលបានទទួលនូវការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និង គម្រោងGSP របស់អាមេរិកសម្រាប់ការនាំទំនិញទៅដោយមិនគិតពន្ធជាដើម ហើយខាងមុខនេះ កម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបន្ថែមទៀត។

លោកបន្ថែមទៀតថា ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្ពុជាដែលមិនរួញរាក្នុងការបណ្តាក់ទុនវិនិយោគ ខណៈដែលកម្ពុជាគឺមានទីផ្សារធំទូលាយ និងស្ថិតនៅក្នុងសមាជិកអាស៊ានដែលមានប្រជាជនជាង ៦០០លាននាក់។ នៅពេលខាងមុខនេះ កម្ពុជានឹងបើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនផងដែរបន្ទាប់ពីបានប្រកាសចរចារួចហើយជាមួយប្រទេសកូរ៉េ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាជួបបញ្ហាប្រឈម។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ តែសម្រាប់កំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេលនេះនៅតែមានភាពល្អប្រសើរ តែមិនខ្លាំងនោះទេ ។

លោកបន្តថា ផលិតកម្មនានានឹងកាន់តែងើបឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីមានការទប់ស្កាត់ និងគ្រប់គ្រងបាននូវជំងឺ Covid-19 ជាពិសេសក្រោយការដាក់ឱ្យដំណើរការឡើងវិញនូវជើងហោះហើរ រួមជាមួយការបើកច្រកសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើនក្រោមកំណើននៃចំនួនវិនិយោគ និងពាណិជ្ជកម្ម។

នៅក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here