ដោយៈ រ៉ាណេត
ស្វាយរៀងៈ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ នឹងត្រូវបង្ហាញរូបរាងនៅតំបន់ច្រកទ្វារអន្តរជាតិព្រំដែនថ្មីកម្ពុជា–វៀតណាមព្រៃវល្លិ៍បន្ទាប់ពីបើកឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងបង្កើនទំហំពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន បានមានប្រសាសន៍ នៅក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែន កម្ពុជា –វៀតណាមព្រៃវល្លិ៍នាព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នេះថាតាមរយៈការបើកឱ្យដំណើរច្រកទ្វារអន្តរជាតិព្រំដែនមួយនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលប្រទេសទាំង២បានយ៉ាងល្អប្រសើរ។
លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ អាគាររដ្ឋបាលនៃច្រកទ្វារព្រំដែនអន្តរជាតិ ដែលចំណាយថវិកាចំនួន៦លានដុល្លារ ក្រោមជំនួយកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី បានប្រើប្រាស់ជាបណ្តោះអាសន្នរួចហើយ នៅឡើយតែថ្ងៃសម្ពោធជាផ្លូវការរួមគ្នាជាមួយនឹងច្រកទ្វារព្រំដែនព្រៃវល្លិ៍ ដែលនឹងគោរពអញ្ជើញវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន កាត់ខ្សែបូរណ៍”។

ក្នុងពេលជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបញ្ជាក់ឱ្យដឹងផងដែរថាដោយសារតែនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតមានការកកស្ទះខ្លាំងលើការដឹកជញ្ជូនដូច្នេះទើបរដ្ឋាភិបាលបានសម្រេចបង្កើតច្រកទ្វារអន្តរជាតិថ្មីមួយនេះដើម្បីជួយលសម្រួលនិងបង្កភាពងាយស្រួល។ក្រោយការបើកដំណើរការច្រកទ្វារព្រំដែនមួយនេះនឹងមានវត្តមាននៃគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះផងដែរដែលបម្រើការជាទីតាំងលើកដាក់ទំនិញផ្សេងៗហើយក៏អាចមានរោងចក្រសហគ្រាសនានាផងដែរ។
ការបើកច្រកព្រំដែនព្រៃវល្លិ៍ ដែលស្ថិតនៅខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងព្រំដែន Binh Hiep ខេត្ត Long An នៃប្រទេសវៀតណាម មួយនេះ សម្រាប់អនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាក៏នឹងសាងសង់បន្ថែមនូវចំណតរថយន្ត សម្រាប់រថយន្តដឹកជញ្ជូនទំនិញ ហើយតម្រូវឱ្យមន្ត្រីគយត្រូវបែងចែកវេនធ្វើការដោយគ្មានពេលសម្រាកថ្ងៃត្រង់ ដើម្បីអាចដំណើរការបែបបទយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរទំនិញ៕






