ដោយ ៖ ប៊ី
ភ្នំពេញ ៖ ការដឹកជញ្ចូនវ៉ាក់សាំងជំងឺកូវីដ១៩ (COVID-19) ជុំវិញពិភពលោកនឹងក្លាយជាបញ្ហាប្រឈមនៃការដឹកជញ្ជូនធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមលើកឡើងរបស់សមាគមឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីស។

សមាគមដឹកអ្នកដំណើរតាមអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា យន្ដហោះប៊ូអ៊ីញប្រភេទ 747s ចំនួន ៨០០០ គ្រឿងនឹងត្រូវការជាចាំបាច់។
បច្ចុប្បន្ន ទោះមិនទាន់មានវ៉ាក់សាំង Covid-19 នៅឡើយក្តី ប៉ុន្តែសមាគម IATA បាននិងកំពុងធ្វើការរួចហើយជាមួយក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន អង្គភាពសុខភាពពិភពលោក និងក្រុមហ៊ុនផលិតថ្នាំពេទ្យជាច្រើន ស្តីពីផែនការដឹកជញ្ជួនវ៉ាក់សាំងតាមហោះហើរជាសកល។
កម្មវិធីចែកចាយវ៉ាក់សាំងនេះត្រូវបានសន្មតថានឹងចែកចាយមួយដូសសំរាប់មនុស្សម្នាក់ប៉ុណ្ណោះ ដែលត្រូវការ។
លោក Alexandre de Juniac ប្រធានប្រតិបត្តិរបស់សមាគម IATA មានថ្លែងថា “ការផ្តល់វ៉ាក់សាំង Covid-19 ប្រកបដោយសុវត្ថិភាពនឹងក្លាយជាបេសកកម្មប្រចាំសតវត្សរ៍ សម្រាប់ឧស្សាហកម្មដឹកជញ្ជួនតាមផ្លូវអាកាសពិភពលោក។
ការដឹកជញ្ជួនវ៉ាក់សាំងកាន់តែមានភាពស្មុគស្មាញច្រើន ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរពីការដឹកជញ្ជួនមនុស្សមកការរដឹកទំនិញ ដោយសារការធ្លាក់ចុះនៃអ្នកដំណើរ។

មិនមែនយន្តហោះទាំងអស់ ដែលសមស្របសម្រាប់ការដឹកជញ្ជួនវ៉ាក់សាំងទេ ព្រោះយន្តហោះត្រូវការកំរិតសីតុណ្ហភាពធម្មតាចន្លោះពី ២ ទៅ ៨ អង្សាសេសម្រាប់ដឹកជញ្ជូនវ៉ាក់សាំង។ វ៉ាក់សាំងខ្លះអាចត្រូវការសីតុណ្ហរហូតត្រជាក់កក ហើយយន្តហោះភាគច្រើនមិនមានសមត្ថភាព ដើម្បីឆ្លើយតបនឹងការដឹកជញ្ជួននេះទេ។
ប្រធានផ្នែកដឹកទំនិញនៃឧស្សាហកម្មនេះ លោក Glyn Hughes បានបន្ថែមថា “យើងដឹងពីដំណើរការនៃការដឹកជញ្ជួននេះយ៉ាងច្បាស់”។ អ្វីដែលយើងត្រូវធ្វើគឺបង្កើនទំហំដឹកជញ្ជួនទៅតាមទំហំដែលត្រូវការ”។
លោកបានបន្ថែមថា ការហោះហើរទៅកាន់តំបន់មួយចំនួននៃពិភពលោករួមទាំងតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍នឹងជាបញ្ហាសំខាន់ ព្រោះពួកគេខ្វះសមត្ថភាពផលិតវ៉ាក់សាំង៕ BBC






