រដ្ឋាភិបាលកម្ពុជា-សិង្ហបុរីគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មនៅភ្នំពេញ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីក្នុងការអនុវត្តលើគម្រោងអភិវឌ្ឍន៍បង្កើតមជ្ឈមណ្ឌលភស្តុភានៅរាជធានីភ្នំពេញដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនិងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍ គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH

កិច្ចប្រជុំនេះធ្វើឡើង តាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោងSuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗ ដែលត្រូវសម្រេចឱ្យបាន តាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍ។

លោកទេសរដ្ឋមន្ត្រីបានបង្ហាញថាមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀតលោក ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជា ជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្ម បម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេស ក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រ ទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពី ការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះ បង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូន ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here