ដោយវុត្ថា
ភ្នំពេញៈ ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ ដែលបានទិញដីឡូតិ៍ប្រភេទលំនៅឋានទុកចោល ដោយមិនបានរស់នៅ ឬមិនមានការអភិវឌ្ឍន៍ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជាអះអាងថា បើជាប្រភេទដីដែលជាប់ពន្ធ ត្រូវតែប្រកាសបង់ពន្ធ តែបើមិនជាប់ពន្ធ គឺមិនត្រូវបង់នោះទេ។

-->
លោករស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យកម្ពុជា នៃអគ្គនាយកដ្ឋារ នៅក្នុងកម្មវិធីឆ្លើយសំនួររបស់ពលរដ្ឋស្តីពី “ពន្ធដារកម្ពុជា” កាលពីម្សិលមិញនេះបានពន្យល់ថា ចំពោះការទិញដីឡូត៍ប្រភេទ លំនៅឋានទុកចោលនេះ អាចនឹងជាប់ពន្ធក្នុងកម្មវត្ថុទៅលើដីមិនប្រើប្រាស់ ដែលម្ចាស់ដីដែលទិញហើយមិនមានការអភិវឌ្ឍន៍ ឬការបង្កើតកម្លាំងសេដ្ឋកិច្ច។
លោកពន្យល់ថា “រដ្ឋាភិបាលប្រមូលពន្ធលើដីមិនបានប្រើប្រាស់ គឺដើម្បីជំរុញឱ្យម្ចាស់ដីទាំងអស់ ធ្វើការអភិវឌ្ឍន៍ដើម្បីបង្កើនសេដ្ឋកិច្ច និងពលកម្មដល់ពលរដ្ឋ។ ជាពិសេសការទិញដីប្រភេទលំនៅឋាននេះ ក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ បើសិនជាតម្លៃអលនទ្រព្យទាំងនោះលើស១០០លានរៀល”។
យោតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។
មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។

ពន្ធនេះត្រូវកំណត់តាមអត្រា២%លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។
កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ច ត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែង ដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស១ច្បាប់៕
