អគារជួលលក់រាយ៣ទីតាំងបន្ថែមទៀត នឹងបើកដំណើរការនៅមុនដំណាច់ឆ្នាំ ២០២០

0

ដោយ៖ ប៊ី

ភ្នំពេញ៖ តាមការព្យាកររបស់ CBRE Cambodia នៅមុនដំណាច់ឆ្នាំ ២០២០ នេះនឹងមានអគារជួលលក់រាយ ៣ ទីតាំងបន្ថែមទៀតបើកដំណើរការដោយនឹងមានផ្ទៃក្រឡាសរុបជិត ៥០ ០០០ ម៉ែត្រការ៉េ ខណៈផ្ទៃក្រឡាកន្លែងជួលលក់រាយក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៣២៦ ០០០ ម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានថ្លែងប្រាប់គេទំព័រ Propertyarea.asia កាលពីថ្មីៗនេះថា ផ្អែកតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញថា មនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាព និងចេញដើរឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ ជាពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តមួយចំនួនចាប់ដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកស្រីបានបន្តទៀតថា “នៅក្នុងឆមាសទី១ ក្រៅពីវិស័យឧស្សាហកម្ម គឺវិស័យសណ្ឋាគារ (Hotel) និងវិស័យផ្សារទំនើប (Retail) ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងឆមាសទី២នៃឆ្នាំនេះ យើងរំពឹងថានឹងមានកំណើនឡើងវិញបន្តិច”។ លោកស្រីបន្តថា “ការអនុញ្ញាតឱ្យចាប់បើកដំណើរការឡើងវិញនូវអាជីវកម្មផ្នែកកម្សាន្ត និងសេវាកម្មមួយចំនួនរបស់រាជរដ្ឋាភិបាលពិតជាបានចូលរួមជួយធ្វើវិស័យទាំង២ខាងលើនេះមានភាពល្អប្រសើរ ប៉ុន្តែកំណើននៃតម្រូវការទីផ្សារគឺនៅមានកម្រិតនៅឡើយ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រី អាន សុធីតា បានធ្វើការព្យាករណ៍ថា សម្រាប់វិស័យ Retail នៅក្នុងឆមាសទី២នេះ ការផ្គត់ផ្គង់នឹងមានការកើនឡើង ដោយសារមានការបើកសម្ភោធផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall នៅតំបន់បឹងកក់ ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១ ភាគរយ ឬស្មើនឹងប្រមាណ ២៤ភាគរយ នៃបរិមាណការផ្គត់ផ្គង់លើផ្សារបែបសហគមន៍ ប៉ុន្តែសម្រាប់កំណើននៃតម្រូវការជួលហាក់មានកម្រិតទាប។

លោកស្រី បានបន្តថា ដោយឡែកសម្រាប់វិស័យសណ្ឋាគារ (Hotel) គឺមានភាពល្អប្រសើរជាង ដែលផ្តើមចេញពីតម្រូវការក្នុងស្រុកបន្ទាប់ពីទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមចេញដើរកម្សាន្តឡើងវិញនៅតាមតំបន់កម្សាន្តឡើងវិញជាបណ្ដើរៗ។

របាយការណ៍ CBRE Cambodia បានឱ្យដឹងថា ផ្ទៃក្រឡាកន្លែងជួលលក់រាយ (The total areas of retail) ក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ មានចំនួន ៣២៦ ០០០ ម៉ែត្រការ៉េ កើនឡើង ៤ ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ ២០១៩ កន្លងមក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញមានទីតាំងសម្រាប់ជួលលក់ទំនិញនៅតាមផ្សារទំនើប ឬអគារធំៗសរុប ២៣ ដែលស្មើនឹងផ្ទៃក្រឡាសរុប ៣២៦ ០០០ ម៉ែត្រការ៉េ កើនពីចំនួន ៣១៤ ០០០ ម៉ែត្រការ៉េ កាលពីចុងឆ្នាំ ២០១៩។ ក្នុងនោះផ្ទៃក្រឡារបស់ Shopping Mall មានចំនួន ៥១ ភាគរយ Shopping Center មានចំនួន ២៥ ភាគរយ Community Mall មាន ១៤ ភាគរយ និង Retail Podium មាន ១០ ភាគរយ។

សម្រាប់ផ្ទៃក្រឡាមិនប្រើប្រាស់មានប្រមាណ ១០,២ ភាគរយនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ចុះពី ១០,៦៣ ភាគរយកាលពីចុងឆ្នាំ ២០១៩។

ការសិក្សានោះក៏រកឃើញដែរថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ កន្លែងជួលលក់ទំនិញប្រភេទ Prime Shopping Mall មានតម្លៃជួលជាមធ្យម ២៨,៤៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ១២ ភាគរយបើធៀបទៅនឹងចុងឆ្នាំ ២០១៩, ប្រភេទ Prime Retail Podium មានតម្លៃ ២៦,០៣ ដុល្លារ ធ្លាក់ ១៣ ភាគរយ និងប្រភេទ Community Mall មានតម្លៃ ២២,២៣ ដុល្លារធ្លាក់ចុះ ៤ ភាគរយ ខណៈប្រភេទ Prime High Street មានតម្លៃ ២៦,២៣ ដុល្លារ កើនឡើង ១ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here