ដោយ ៖ រ៉ាណេត
ក្រចេះ ៖ គណៈកម្មការបែងចែក និងប្រើប្រាស់ដីធ្លីថ្នាក់ខេត្តក្រចេះបានធ្វការព្រមានដល់ពលរដ្ឋទាំងឡាយដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ហើយទុកដីចោលមិនបានប្រើប្រាស់ នោះត្រូវបានដកហូតយកវិញដើម្បីប្រគល់ជូនពលរដ្ឋក្រីក្រដែលមានតម្រូវការពិតប្រាកដ។
តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយរដ្ឋបាលខេត្តក្រចេះ ដែលចុះហត្ថលេខាដោយលោក វ៉ា ថន អភិបាលខេត្ត កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានបញ្ជាក់ថា គណៈកម្មការបែងចែក និងប្រើប្រាស់ដីសម្បទានខេត្តក្រចេះ នឹងចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែងមួយចំនួនដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងស្រុកចំនួន៤ នៃស្រុកចិត្របុរី ដើម្បីដឹងពីលទ្ធភាពនៃការប្រើប្រាស់ដីសម្បទានរបស់ប្រជាពលរដ្ឋដែលទទួលបាន។
ក្នុងន័យនេះ រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ដល់សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ចពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកំណត់ឱ្យបងប្អូនសម្បទានិកចូលប្រើប្រាស់ដីលំនៅឋាន និងដីកសិកម្មគិតចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងករណីសម្បទានិកនៅតែមិនចូលមកប្រើប្រាស់ដីរបស់ខ្លួនបានន័យថា សម្បទានិកបានបោះបង់សិទ្ធិក្នុងការទទួលយកដី ហើយគណៈកម្មការបែងចែក និងប្រើប្រាស់ដីថ្នាក់ខេត្តនឹងរៀបចំនីតិវិធី ដើម្បីបែងចែកដីនោះទៅប្រជាពលរដ្ឋក្រីក្រខ្វះដីដើម្បីសង់លំនៅឋានសមរម្យ និងបង្កបង្កើនផល។ អាស្រ័យហេតុនេះ សូមបងប្អូនសម្បទានិកដែលមិនទាន់បានចូលរទៅប្រើប្រាស់ដីនៅក្នុងទីតាំងទាំង៤កន្លែងខាងលើ មេត្តារួសរាន់ចូលទៅប្រើប្រាស់ដីតាមការកំណត់កុំបីខាន៕