ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនមហ៊ុនអចលនទ្រព្យ និងកសិកម្ម Hong Lai Huat Group បានចុះកិច្ចព្រមព្រៀងជាមួយ អ្នកជំនួញក្នុងស្រុកម្នាក់ ដើម្បីទិញដីមួយកន្លែងនៅរាជធានីភ្នំពេញ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យប្រើប្រាស់ចម្រុះក្នុងតម្លៃទិញ ២២,៥ លានដុល្លារអាមេរិក។
ក្រុមហ៊ុនចុះបញ្ជីនៅសឹង្ហបុរីនេះ បានឱ្យសឹងនៅក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ (Public Housing Development) បានទិញដីទំនេរមួយកន្លែងទំហំ ១,២ ហិកតាដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងការសារព័ត៌មានសឹង្ហបុរី Business Times ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងទៀតថា ប្រតិបត្តិការទិញលក់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍នៅជុំវិញតំបន់។
ក្រុមហ៊ុន បានបន្តទៀតថា ថ្លៃទិញដីត្រូវបានព្រមព្រៀង បន្ទាប់ពីគិតគូរពីទីតាំង និងចក្ខុវិស័យអភិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងចំណោមកត្តាផ្សេង”ទៀត។
ក្រុមហ៊ុន Hong Lai Huat នឹងផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការនេះ ដោយទុនវិនិយោគផ្ទាល់របស់ខ្លួន និងការខ្ចីប្រាក់ពីធនាគារ។ ប្រតិបត្តិការនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ទៅលើទ្រព្យសកម្ម ឬប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមហ៊ុននៅឆ្នាំ២០២០នោះទេ។