ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សមាគមអចលនទ្រព្យសកលដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជាហៅកាត់ (GRA) បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យលំដាប់អន្តរជាតិ Urban Village ដើម្បីទទួលសិទ្ធិលក់គម្រោងខុនដូបែបប្រណីតភាពរបស់ក្រុមហ៊ុនដែលស្ថិតនៅតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់ជាប់ផ្លូវ៦០ម៉ែត្រ។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន ដែលជានាយកក្រុមហ៊ុនអចលនទ្រព្យ KW Sam Sn Realty Co.,Ltd បានមានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា “សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលក្នុងនោះរាប់ទាំងបញ្ចូលទាំងវិស័យខុនដូផងដែរ នៅតែអាចរក្សាបាននូវស្ថានភាពលល្អប្រសើរ និងមិនទោរទន់ទៅតាមការគំរាមកំហែងនៃវិបត្តិជំងឺឆ្លងនោះទេ”។
លោកបានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់ទីផ្សារខុនដូ គឺនៅតែបន្តមានដំណើរការ ខណៈដែលតម្រូវការ និងការផ្គត់ផ្គង់នៅតែមានសន្ទុះ និងដើរទន្ទឹមគ្នា ជាក់ស្ដែងដូចជាគម្រោងខុនដូរបស់ក្រុមហ៊ុន Urban Village បច្ចុប្បន្ននេះនៅតែមានដំណើរការសាងសង់”។
ជាមួយគ្នានេះ លោក សំ សុខនឿន ក៏បានបង្ហាញពីភាពរីករាយក្នុងកិច្ចសហការជាដៃគូ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាទៅលើការលក់គម្រោងខុនដូរបស់ Urban Village នៅពេលនេះ ជាមួយនឹងជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានភាពជោគជ័យលើការលក់ផងដែរ។
លោក Ben li ម្ចាស់គម្រោងខុនដូ Urban Village បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាម្ចាស់គម្រោង ពិតជាមានមោទនភាពខ្ពស់ដែលបានទទួលកិច្ចសហការជាដៃគូលក់គម្រោងជាមួយសមាគមអចលនទ្រព្យសកល ដែលមានក្រុមអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំទៅលើផ្នែកលក់អចលនទ្រព្យ ជាពិសេសផ្នែកខុនដូយ៉ាងជោគជ័យ”។
លោកបានបញ្ជាក់ថា “ផ្អែកតាមភាពប្រណីតនៃគម្រោងដែលមានលក្ខណៈល្អប្លែកពីគម្រោងដទៃទៀត និងស្ថិតនៅតំបន់ពាណិជ្ជកម្មពិសេសប្រចាំនៅរាជធានីភ្នំពេញ គួបផ្សំជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់សមាគមអចលនទ្រព្យសកល គម្រោងខុនដូនេះ នឹងទទួលបានល្អផលក្នុងរយៈពេលដ៏ខ្លី ហើយក្រុមហ៊ុននឹងបន្តកិច្ចសហការប្រតិបត្តិការភាពជាដៃគូនេះទៅលើគម្រោងថ្មីៗជាច្រើនទៀត” ៕