ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច និងចេញសារាចរណែនាំស្ដីពីការពន្យារពេលក្នុងការអនុវត្ដលើការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ដើម្បីទុកពេលឱ្យវិស័យឯកជនរៀបចំខ្លួន និងត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តស្របតាមច្បាប់ដែលបានកំណត់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេចចេញសារាចរណែនាំស្ដីពីការពន្យារពេលអនុវត្តការពិន័យអន្តរការណ៍ និងអំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម។
នៅក្នុងសារាចរណែនាំដដែលនេះក៏បានបង្ហាញពីគោលបំណងដែលទុកលទ្ធភាព និងពេលវេលាឱ្យបានសមស្រប ដល់វិស័យឯកជន ក្នុងការរៀបចំខ្លួន និងត្រៀមលក្ខណៈឱ្យបានរួចរាល់អនុវត្តច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
ការពន្យារពេលនេះលើការអនុវត្តខាងលើនេះ ត្រូវបានធ្វើឡើងតែចំពោះសហគ្រាស ឬនីតិបុគ្គល ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬនៅអគ្គនាយកដ្ឋានពន្ធដារជាសហគ្រាសអ្នកជាប់ពន្ធធំ និងសហគ្រាសអ្នកជាប់ពន្ធមធ្យម ក៏ដូចជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលបានចុះបញ្ជីនៅក្រសួងនិងស្ថាប័នជំនាញរយៈពេល១ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញសារាចរណ៍ណែនាំនេះតទៅ។
ការពន្យាពេលនេះមិនមែនអនុវត្តចំពោះគណនេយ្យករ និងសវនករដែលជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ដែលទទួលបានអាជ្ញារបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ ឬសវនកម្មពី ក.ជ.គ នោះឡើយ ៕ សេចក្ដីលម្អិត សូមអានសារាចរណ៍ណែនាំទាំងស្រុងដូចខាងក្រោម ៖








