តំបន់ផ្លូវ៦០ម៉ែត្រ ប្រែក្លាយពីបឹងទឹកកខ្វក់ទៅជាតំបន់សម្រាប់អភិជន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ តំបន់ផ្លូវ ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយជាតំបន់ថ្មីសម្រាប់អភិជនរស់នៅ ខណៈ ដែលសំណង់លំនៅឋានមានតម្លៃខ្ពស់ និង តម្លៃដីធ្លីបច្ចុប្បន្ននេះ ទីតាំងខ្លះបានឡើងដល់ ១២០០ ដុល្លារអាមេរិក ហើយនៅម្តុំគម្រោងអភិវឌ្ឍន៍បុរី R&F តំលៃឡើងដល់ ២៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់នេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានកម្រិតខ្ពស់ ដែលមានធនធានល្មមៗ គឺមិនអាចទៅទិញនៅទីនេះ បាននោះទេ ហើយសម្រាប់ការភិវឌ្ឍន៍វិញគឺមានគម្រោងធំៗ និងទំនើបៗ។

លោកស្រីបន្តថា សម្រាប់ដីធ្លីនៅនេះ គឺមានទំហំធំ ហើយមានតម្លៃខ្ពស់ ដែលអ្នកទិញភាគច្រើន យកទៅអភិវឌ្ឍន៍សាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សាលារៀន និង មន្ទីរពេទ្យកំរិតខ្ពស់ ពោលគឺគេមិនមែនអភិវឌ្ឍន៍លើគម្រោងតូចតាចនោះទេ។

លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងដែរថា តំបន់ផ្លូវ ៦០ ម៉ែត្រមានតម្លៃដីខ្ពស់ មិនមែនមានតែពេលនេះទេ ពោលគឺវាឡើងចាប់តាំងពីសម្ពោធផ្លូវនេះមកម្ល៉េះ ។ ដីដែលមានតម្លៃល្អ គឺនៅជាប់នឹងផ្លូវធំ និងក្បែរគម្រោងអភិវឌ្ឍន៍ធំៗ។

លោកស្រីបន្តថា ផ្លូវ៦០ម៉ែត្រនេះ នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់របស់ទីក្រុងភ្នំពេញនាពេលខាងមុខនេះ ខណៈតំបន់នេះកំពុងទាក់ទាញគម្រោងវិនិយោគធំៗចូលទៅយ៉ាងច្រើន ដូចជា គម្រោងបុរី លំនៅឋាន អគារការិយាល័យ និង អគារពាណិជ្ជកម្មជាដើម ដែលនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍មួយដ៏សំខាន់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅបែបទំនើប និងការធ្វើពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here