សម្ដេចតេជោ ស្នើឱ្យអភិបាលខេត្តកំពតសិក្សាលើគម្រោងបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ និងពហុកីឡាដ្ឋានថ្មី

0

ដោយ ៖ រ៉ាណេត

កំពត ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញ សិក្សាទៅលើលទ្ធភាពនៃការបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ និងគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីប្រចាំនៅក្នុងខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់សក្ដានុពល និងសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទីនេះបានស្នើដល់រដ្ឋបាលខេត្តកំពតសិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ ស្ពានចំនួន២ផ្សេងទៀត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។

នៅក្នុងឱកាសនោះផងដែរ លោក ជាវ តាយ ក៏បានកោតសរសើរដល់មន្ត្រីរាជការរបស់រដ្ឋបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមកជាច្រើន ដែលធ្វើឱ្យរដ្ឋបាលខេត្តទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍សម្រាប់ការលម្ហែកម្សាន្តដ៏ពេញនិយម៕

LEAVE A REPLY

Please enter your comment!
Please enter your name here