សិក្សាកត្តាទាំង៥នេះដើម្បីទិញដីលក់ឆាប់ដាច់ និងចង់បានចំណេញច្រើន

0

ដោយគង់ ម៉ាលីន

ភ្នំពេញ អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិនធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យនោះទេ។

គេហទំព័រPropertyarea.asia សូមលើកយកគំនិតអ្នកជំនាញក្នុងវិស័យនេះរយៈពេលជាង២ទសវត្សរ៍មកបង្ហាញ ហើយលោកតែងទទួលបានជោគជ័យនូវការទិញលក់ដីធ្លីជាប្រចាំ។

លោកកាងសុធីអគ្គនាយកក្រុមហ៊ុនCentury21 Land Station Real Estateបានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។

ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារ

ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយឬ៣០ភាគរយពិតជាល្អប្រសើរហើយយើងនឹងលក់ចេញបានលឿននិងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផងកុំចង់ចំណេញតែម្នាក់ឯង។

ទិញដីនៅតំបន់អភិវឌ្ឍន៍

តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញបានលឿន។

ទិញដីដែលមានសណ្ឋានដីល្អ

រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។

ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែង

តម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែងផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបានផលចំណេញនោះទេ។

ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល

ការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការទទួលបានព៌តមានលឿនពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងវិស័យឯកជនជារឿងពិបាកមួយដែលទាមទារឲ្យយើងតាមដានព៌តមាននិងមានប្រភពច្បាស់លាស់។

ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here