ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវគោលនយោបាយជាតិមួយ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលនយោបាយនេះ កំពុងត្រូវបានធ្វើឲ្យចេញជារូបរាងពិតប្រាកដបន្តិចម្តង។
ខ្លឹមសារនៃគោលនយោបាយជាតិ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា មានដូចជា ទី១ ជម្រុញការរុករក និងការអភិវឌ្ឍប្រភពថាមពល ដែលមានលក្ខណៈបរិស្ថានអនុគ្រោះ ដើម្បីផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ ដល់គ្រប់ផ្នែកនៃវិស័យសេដ្ឋកិច្ចកម្ពុជាទី២ ធានាការផ្គត់ផ្គង់អគ្គិសនីដែលមានសុវត្តិភាព និងស្ថិរភាពក្នុងថ្លៃមួយសមស្រប ដើម្បីសម្រួលដល់ការអភិវឌ្ឍផ្នែកវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទី៣ ជម្រុញការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព ព្រមទាំងបន្ថយនូវឥទ្ធិពលមិនល្អខាងផ្នែកបរិ-ស្ថានដែលបណ្តាលមកពីការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពលនេះ ទី៤-ជម្រុញការចូលរួមរបស់ផ្នែកឯកជននៅក្នុងការអភិវឌ្ឍវិស័យថាមពល។
ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ អគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីធ្វើយ៉ាងណាម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រចំនួនពីរគឺ
១-ឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផ្សេងៗ និង២-ឆ្នាំ២០៣០ យ៉ាងហោច ៩០% នៃគ្រួសារទាំងអស់ទូទាំងព្រះរាជា-ណាចក្រកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាព ដូចអគិ្គសនីពីខ្សែបណ្តាញជាតិប្រើប្រាស់៕