ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) ក្នុងការលើកស្ទួយចំពោះការដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទាក់ទាញការវិនិយោគិនបរទេស។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ នេះ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីថ្លែងថា “មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។
លោកទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុឱ្យការរៀបចំកិច្ចព្រមព្រៀងនេះមានសង្គតភាពទៅនឹងបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគដែលបានគ្រោងទុក៕






