ដោយ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងទីផ្សារអាជីវកម្មអចលនទ្រព្យតែងត្រូវបានគេលើកឡើងថាមានការប្រកួតប្រជែងគ្នាដើម្បីទទួលបាននូវផលប្រយោជន៍រៀងៗខ្លួន រហូតមានអ្នកខ្លះអនុវត្តនូវវិធីសាស្ត្រខុសក្រមសីលធម៌ និងវិជ្ជាជីវៈក៏មាន ខណៈដែលប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលើកឡើងថា ក្នុងនាមជាអ្នកប្រកបអាជីព ឬក្រុមហ៊ុនភ្នាក់ងារគួរតែសហការគ្នាដើម្បីផលប្រយោជន៍រួម និងយូរអង្វែង។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ការប្រកួតប្រជែងដោយគ្មានតម្លាភាពមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយវាក៏មិនមែនជាជម្រើសសម្រាប់យកមកអនុវត្តនោះដែរ ប៉ុន្តែគួរតែងាកមកចូលរួមសហការគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីអាចទទួលបាននូវផលប្រយោជន៍រួមទាំងអស់គ្នា និងយូរអង្វែង។
លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថា នៅក្នុងទីផ្សារអាជីវកម្មគ្រប់ប្រភេទគឺត្រូវតែមានការប្រកួតប្រជែងគ្នា ប៉ុន្តែការប្រកួតប្រជែងក៏គួរតែប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងមានវិជ្ជាជីវៈ ដោយមិនមែនជាការវាយប្រហារដោយភាពមិនស្មោះត្រង់នោះទេ”។
លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញមានការបង្កើតសមាគមជាច្រើនក្នុងន័យប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុននានាដើម្បីធ្វើជាដៃគូសហការ និងចែករំលែកដើម្បីអាចទទួលបាននូវផលប្រយោជន៍ទាំអស់គ្នា ហើយការសហការគ្នានេះទៀតសោត ក៏ជាយុទ្ធសាស្ត្រមួយដ៏ល្អនៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មយូរអង្វែងផងដែរ”។
បច្ចុប្បន្ននេះ សម្រាប់សមាគមនៅក្នុងវិស័យអចលនទ្រព្យ គេឃើញមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា សមាគមអចលនទ្រព្យសកល សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលទើបតែចង់ក្រងឡើង។
លោកស្រី ចេវ សុឃុន បានបញ្ជាក់ថា “គ្រប់សមាគមទាំងអស់ សុទ្ធតែមានគោលនយោបាយ និងបទវិន័យផ្ទៃក្នុងទាំងអស់ ដែលត្រូវបានកំណត់ក្នុងន័យរក្សានូវផលប្រយោជន៍រួម បញ្ចៀសនូវរាល់បញ្ហានានាដែលអាចកើតមានវិវាទរវាងសមាជិក និងសមាជិក។ ក្នុងករណីដែលកើតមានវិវាទណាមួយកើតឡើង គឺមានក្រុមប្រឹក្សាភិបាលជាអ្នកតាមដាន និងពិនិត្យទៅលើអង្គហេតុដែលបង្ក ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាននៅក្នុងសមាគម”៕