ដោយវុត្ថា
ភ្នំពេញ៖ តំបន់ទីក្រុងកោះពេជ្យបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប និងទាន់សម័យសម្រាប់អ្នកដែលមានធនធានរស់នៅ ឬប្រកបអាជីវកម្ម ដែលធ្វើតម្លៃដីធ្លីនៅក្នុងតំបន់នេះនាពេលបច្ចុប្បន្នកើនជាង ៥០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តម្លៃដីធ្លីនៅតំបន់ទីក្រុងកោះពេជ្យនាពេលបច្ចុប្បន្ននេះ ជាមធ្យមកើនដល់ ៥០០០ ទៅ ៦០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈតំបន់នេះ ក៏ពុំមានដីគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ និងវិនិយោគផងដែរ។
លោកស្រីបន្តថា នាពេលបច្ចុប្បន្ននេះ តម្លៃធ្លីនៅក្នុងកណ្តាលទីក្រុងភ្នំពេញ ក៏ដូចជានៅកោះពេជ្យ វាមិនឡើងនោះទេ ខណៈដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបបញ្ហាប្រឈមទៅនឹងជំងឺកូវីដ ១៩ ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកល។
លោកស្រីបន្ថែមថា “តម្លៃដីធ្លីនៅក្នុងកណ្តាលក្រុងភ្នំពេញ មានសភាពទ្រឹងស្ទើតែគ្រប់ទីកន្លែង ដោយសារតែ គ្មានប្រតិបត្តិការទិញលក់ វិនិយោគ និងអភិវឌ្ឍន៍គម្រោង មិនដូចនៅជាយក្រុងនោះទេ”។ លោកស្រីបន្តថា “ដីនៅទីក្រុភ្នំពេញបច្ចុប្បន្ននេះ កំពុងខ្វះអ្នកអភិវឌ្ឍន៍ ដូច្នេះ តម្លៃដីធ្លីសម្រាប់ឆ្នាំនេះ គឺមិនឡើងនោះទេ”។
តំបន់ទីក្រុងកោះពេជ្យបានក្លាយជាតំបន់ពាណិជ្ជកម្ម ដែលមានផ្សារទំនើបតូចៗ លំនៅនៅឋានប្រណិត ខុនដូ អគារការិយាល័យ និងអគារពាណិជ្ជកមក្មជាច្រើន ដែលបាននកកំពុងរីកស្គុះស្គាយនៅក្នុងតំបន់នេះ ដែលធ្វើឱ្យតំបន់នេះ កាន់តែមានភាពមមាញឹក និង ទាក់ទាញការវិនិយោគ៕