ការវិនិយោគចាប់ផ្តើមសម្លឹងឆ្ពោះទៅកាន់ខេត្តព្រះសីហនុសារជាថ្មី

0

ដោយ ហ្សូលី

ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកបានកំពុងឆ្ពោះទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយវិនិយោគិនទាំងនោះបានសម្លឹងឃើញពីសក្តានុពលដ៏ខ្លាំងក្លា រួមទាំងស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

មិនត្រឹមតែលេចធ្លោនៅក្នុងក្រុងតែមួយមុខឡើយ តែខេត្តព្រះសីហនុទាក់ទាញស្ទើរគ្រប់ទីកន្លែងរួមទាំងកោះ និងជាយទីរួមខេត្ត។ ខេត្តនេះអំណោយផលជាច្រើនផ្នែកដូចជា ទេសចរណ៍ អចលនទ្រព្យ កន្លែងកម្សាន្ត បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធពាណិជ្ជកម្មសម្រាប់ប្រទេសទាំងមូល។ កាលពីពាក់កណ្តាលខែកញ្ញានេះ ស្ថានភាពអច​លនទ្រព្យប្រចាំខេត្តព្រះសីហនុ ហាក់កម្រើកដំណើរការអភិវឌ្ឍឡើងវិញ ខណៈរដ្ឋាបាលខេត្តបានប្រាប់ពីសកម្មភាព សាងសង់ទៅលើគម្រោងនានា ទាំងចាស់ ទាំងថ្មី ដែលម្ចាស់គម្រោងច្រើនតែជាវិនិយោគិនក្នុងស្រុក។

លោក ច្រឹក សុខនីម ប្រធានសមាគមនវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុបានមានប្រសាសន៍ថា ខេត្តព្រះសីហនុនឹងទាក់ទាញការវិនិយោគបន្ថែមទៀត ទៅលើវិស័យទេ​សចរណ៍ ជាពិសេសវិស័យអចលនទ្រព្យ ខណៈពេលដែលប្រមុខរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៣០០លានដុល្លារ រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសីហនុ។ ភាពកម្រើកនៃការវិនិយោគនេះ នឹងជម្រុញវឌ្ឍនភាពនៃគោលនយោបាយអភិវឌ្ឍន៍ ខេត្តព្រះសីហនុជាខេត្តសេដ្ឋកិច្ចគំរូ។

ជាក់ស្តែងដូចជា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការសាងសាង់ជាមួយប្រទេសជប៉ុន (JICA) កំពុងស្ថិតក្នុងដំណាក់កាលទី១ និងទី២។ នាថ្ងៃអនាគតនឹងចូលរួមជួយការនាំចេញ នាំចូលទំនិញរបស់ប្រទេសកម្ពុជារហូតដល់៧០ភាគរយ។ នេះគឺជាគុណសម្បត្តិដ៏ពិសេស សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត និងប្រទេស។

បន្ថែមពីនេះ ក្រុមហ៊ុនណាហ្គា ខប មានគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុផងដែរ ដោយសារខេត្តនេះ ជាតំបន់មានសក្តានុពលក្នុងការអភិវឌ្ឍកន្លែងកម្សាន្ត និងទទួលបានផលចំណេញ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ចំណូលរបស់ក្រុមហ៊ុន ណាហ្គា ខប ចេញផ្សាយកាលពីចុងខែ សីហា ឆ្នាំ ២០២០នេះ។

តាមគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្តបន្ទាប់ ជំរុញដំណើរការកសាងនិងអភិវឌ្ឍសង្គមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here