ដោយ យិន លាងគង់ៈ ស្ថាបនិកនិងអគ្គនាយកគេហហទំព័រPropertyarea.asia
ភ្នំពេញៈ ព្យុះនៃរលកមនោគមន៍វិជ្ជាហាក់រសាយ ប៉ុន្តែបញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍សួនតួ បានចាប់់ផ្តើមពង្រីកឥទ្ឋិពលគួរឲ្យព្រឺរោម ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ននេះ។

កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញរយៈពេលជាងពីរទសវត្សរ៍បាននិងកំពុងប្រឈមជាថ្មីនូវហានិភ័យនៃនយោបាយគាំពារនិយមនិងរលកកំដៅភូមិសាស្រ្តនយោបាយគួរឲ្យខ្លាចរអា។ ហេតុនេះនាវាមួយនេះចាំបាច់ណាស់ ដែលត្រូវធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ១ ដើម្បីរក្សាលំនឹងរបស់ខ្លួនលើឆាកអន្តរជាតិ និងអាចបន្តស្នាមញញឹមបន្តទៀត សំរាប់ប្រជាជាតិទើបងើបផុតពីអតីតកាលដ៏ខ្លោចផ្សារនេះ។
កម្ពុជាដែលត្រូវបានសហរដ្ឋអាមេរិកនិងបណ្តាប្រទេសបញ្ចឹមលោកមើលឃើញទំនោរងាកទៅរកចិនកាន់តែច្បាស់ឡើងៗបានក្លាយជាសញ្ញាព្រមានមួយដែលមេដឹកនាំកម្ពុជាបាននិងកំពុងថ្លឹងថ្លែងដើម្បីនាំនាវានេះឆ្ពោះទៅមុខបើមិនដូច្នេះទេកម្ពុជានឹងប្រឈមបញ្ហាធំៗជាច្រើនពីផ្ទៃក្នុងខ្លួនឯងផង និងឆាកអន្តរជាតិផង។
បញ្ហាផ្ទៃក្នុងខ្លួនឯង
ការបញ្ចប់ភាពឯកាលើមេដឹកនាំបក្សប្រឆាំងដែលតែងតែនិយាយឥតសំចៃមាត់និងមិនចេះអៀនខ្មាស់លើបញ្ហាជាច្រើនដើម្បីទទួលបានប្រជាប្រិយភាពជាសារដែលអស់តម្លៃរួចទៅហើយក្នុងចំណោមបញ្ញវ័ន្តរបស់ជាតិប៉ុន្តែមេដឹកនាំបក្សប្រឆាំងនៅតែត្រូវបានប្រើប្រាស់ជាកូនអុកមួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលរៀបចំនូវអ្វីដែលពួកគេហៅថា “ជាការស្តារប្រជាធិបតេយ្យឡើងវិញ”។
ប៉ុន្តែរឿងពិតនៅពីក្រោយឆាកដ៏ល្អមើលនេះគឺការដែលពួកគេបានងាកក្រោយនិងសម្លឹងពីផ្នែកចំហៀងហើយមើលឃើញថា“កម្ពុជា ជាសេះរបស់ចិន”ដែលរត់យ៉ាងលឿននោះទៅវិញទេ ព្រោះពួកគេ(លោកខាងលិច) បាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំបែកចិន និងធ្វើឲ្យដំណើរឆ្ពោះទៅមុខរបស់ចិនបង្អង់ល្បឿនប៉ុណ្ណោះ។
ការព្រលែងមេដឹកនាំបក្សប្រឆាំងដែលជាប់ឃុំនៅក្នុងផ្ទះនិងអនុញ្ញាត្តឲ្យលោកសមរង្សីវិលចូលប្រទេសវិញក្នុងកាលៈទេសៈសមស្របណាមួយដើម្បីផ្គាប់ចិត្តមហាអំណាចលោកខាងលិច (មិនខុសពីអាសាច់ជូនខ្លា)នោះឡើយ ប៉ុន្តែការរៀបចំពេលវេលាសមស្រប ជាមួយការស្ទាបស្ទង់អំណាចប្រជាជន គឺជារឿងដែលចាំបាច់ ដែលមេដឹកនាំបក្សកាន់អំណាចអាចបាននិងកំពុងថ្លែងថ្លែង។

បញ្ហានៅឆាកអន្តរជាតិ
“ការកាត់២០ភាគរយ”នៃរាល់មុខទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ(EBA)ជាសញ្ញាព្រមានមួយ ដែលបានធ្វើឲ្យរង្គោះរង្គើរផ្នែកមួយចំនួន ប៉ុន្តែវាអាចមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជន និងឥស្សរជនពោរពេញដោយទេពកោសល្យ និងសតិបញ្ញាដទៃទៀត កម្ពុជានឹងមិនអាចឯកាដូចកូរ៉េខាងជើងនោះឡើយ គ្រាន់តែលំអាននៃប្រជាធិបតេយ្យនៅកម្ពុជា អាចត្រូវដើរបត់បែន ដូចដំណើររបស់សត្វពស់ ជាជាងដំណើររបស់ហ្វូងគោ ក្របី។
បញ្ហានៅលើរបៀវារៈដទៃទៀតដូចជាកំសួលនៃកំដៅរវាងមហាអំណាចអាមេរិកនិងចិនអាចនឹងជះឥទ្ឋិពលដល់ស្ថេរភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរប្រសិនជាដំណើររបស់កម្ពុជាឆ្ពោះទៅមុខដោយជ្រើសរើសយកតែតៅហ៊ូតែមួយមុខ។
ការដាក់ទ័ណ្ឌកម្មលើក្រុមហ៊ុនTienjing Union Development Groupកាលពីដើមខែកញ្ញានេះ ពីសំណាក់សហរដ្ឋអាមេរិក បាននិងកំពុងព្រមានពីហានិភ័យដល់ក្រុមហ៊ុន លំដាប់យក្សដទៃទៀតនៅកម្ពុជា ប៉ុន្តែនយោបាយការបរទេសដ៏វាងវៃ របស់សម្តេចតេជោបាន និងកំពុងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងទិដ្ឋភាពមួយចំនួន ដែលពិភពលោកកំពុងសម្លឹងមើល ដោយយកចិត្តទុកដាក់លើផ្នែកមួយចំនួនដូចជា
ទី១សម្តេចតេជោបាននិងកំពុងក្លាយជាមេដឹកនាំយូរជាងគេក្នុងពិភពលោកទី២និន្នាការពិភពលោកបាននិងកំពុងឲ្យតម្លៃលើមេដឹកនាំខ្លាំងលើពិភពលោកកាន់តែច្រើន ដូចជា សមាជិកសភា នៃប្រទេសមហាយក្សចិនបានបោះឆ្នោតឲ្យលោកស៊ី ជីនពីងក្លាយជាមេដឹកនាំមួយជីវិត។ សភាប្រទេសប្រទេសរុស្ស៊ី បានបោះឆ្នោតឲ្យលោកវ្លាឌីមៀ ពូទីន ក្លាយជាមេដឹកនាំប្រទេសពេញមួយជីវិតជាដើម។

ហេតុនេះការដែលសម្តេចក្លាយជាមេដឹកនាំយូរជាងគេលែងជារឿងចម្លែកទៀតហើយអ្វីដែលចម្លែកគឺការមិនព្រមបើកចិត្តទទួលយករបស់បុគ្គលមួយចំនួនទៅវិញទេព្រោះការកាន់អំណាចយូរជាមួយនឹងចក្ខវិស័យច្បាស់លាស់និងមានមនសិកាស្នេហាជាតិពិតប្រាកដការកាន់អំណាចយូរមិនមានអ្វីគួរតិទៀននោះឡើយ។
មានតែមេដឹកនាំកម្ពុជាដើមសតវត្សរ៍ទី២១រូបនេះប៉ុណ្ណោះ (បន្ទាប់ពីការដួលរលំចក្រភពអង្គរ)ដែលបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវ សំរាប់ប្រទេសដល់រយៈពេល៣០ឆ្នាំក្រោយ គឺគោលនយោបាយដាក់ចេញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំប្រទេស តាមរយៈទស្សនវិស័យនិងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ គឺការរុញកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការប្រជែងឥទ្ឋិពលមហាអំណាចទាំងពីរ
និន្នាការពិភពលោក ពិតជាមិនអាចទស្សន៍ទាយបាន នៅពេលលោកDonald J.Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥ ដែលអាណត្តិទី២នាពេលខាងមុខ លោកTrump អាចជាប់ឆ្នោតមួយអាណត្តិទៀតឬយ៉ាងណា អាស្រ័យលើអំណាចនៃការសម្រេចចិត្តរបស់ប្រជាជាតិអាមេរិកខ្លួនឯង។
ប៉ុន្តែបើប្រជាជាតិអាមេរិក ប្រតិភូ នៅតាមរដ្ឋនិមួយៗ គិតពីសាកលភាវូបនីយកម្ម និងភាពស៊ីវិល័យនៃប្រជាជាតិរបស់ខ្លួន និងចង់ឲ្យពិភពលោកមើលឃើញថា ពួកគេជាប្រជាជនចេះគិតពីអ្នកដទៃ និងចេះចែករំលែក ជាអរិយជនពិតប្រាកដ ពួកគេនឹងមិនជ្រើសរើសប្រធានាធិបតីរូបនេះ ធ្វើជាប្រធានាធិបតីរបស់ខ្លួនមួយអាណត្តិទៀតនោះទេ។
ផ្ទុយទៅវិញប្រសិនជាលោកJoe Bidenជាប់ឆ្នោត ដែលលោកមកពីគណបក្សប្រជាធិបតេយ្យវិញ ក៏កំដៅនៃភូមិសាស្រ្តនយោបាយ ទំនងជាមិនទាន់ត្រជាក់ជាមួយចិននោះឡើយ ដោយសារទី១ ចិនបាននិងកំពុងរះឡើងប្រជែងសហរដ្ឋអាមេរិក យ៉ាងបើកចំហ ទី២ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវបើសិនជាចិនសម្រេចបានមហិច្ឆិតានេះ នឹងធ្វើឲ្យអាមេរិកបាត់បង់ចំណែកនៃដែនអធិបេត្យ នៃការពង្រីកអំណាចរបស់ខ្លួន ទី៣ សេដ្ឋកិច្ច បច្ចេកវិទ្យារបស់ចិន ពិសេសអំណាចយោធារបស់ចិនបាន និងកំពុងកើនឡើងយ៉ាងលឿន ដែលមិននឹកស្មានដល់ពីអ្នកវិភាគផ្នែកនយោបាយ និងយោធាមួយចំនួន។

ប៉ុន្តែយ៉ាងណាក៏ដោយនយោបាយបែបទន់ភ្លន់របស់គណបក្សប្រជាធិបតេយ្យទំនងជាអាចធ្វើឲ្យប្រទេសទាំងពីរបន្ថយកំដៅនយោបាយវិញដោយសារទី១ការប្រជែងអំណាចជាមួយចិននឹងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងភាពស៊ីវិល័យរបស់ខ្លួនទី២គណបក្សប្រជាធិបតេយ្យតែងតែមានគោលនយោបាយការបរទេសទន់ភ្លន់ជាងបក្សសាធារណៈរដ្ឋទី៣ប្រសិនជាលោកJoe Bidenគិតថាការឈ្លោះ និងប្រជែងអំណាចជាមួយចិន ធ្វើឲ្យពួកគេឈឺសាច់ទាំងអស់គ្នា ហើយគិតពីការរួបរួមផ្តល់ផលចំណេញជាង ប្រហែលជាបញ្ហាភូមិសាស្រ្តនយោបាយ និងទំនាស់ផលប្រយោជន៍សេដ្ឋកិច្ចទំនងជាមិនក្តៅពេកនោះទេ ប៉ុន្តែបញ្ហានេះក៏ទំនងជាមិនងាយបញ្ចុះកំដៅឡើយ បើគ្មានសម្បទានពីភាគីណាមួយ។
យ៉ាងណាក៏ដោយចិននៅតែទន់ភ្លន់ហើយចិនគួរតែប្រើប្រាស់ក្បាច់“ថៃជិ”ដើម្បីទប់ទល់នឹងការំគំរាមកំហែងពីអាមេរិកមិនចប់មិនហើយនេះ។
តើចិននឹងមានវាសនាដូចសហភាពសូវៀត?
នៅពេលចិនកំពុងតែឈឺក្បាលលើបញ្ហានៅតៃវ៉ាន់ ដែលមេដឹកនាំកោះនេះ លោកស្រីត្សៃ អ៊ឹងវិន កំពុងបង្ហាញចេតនាប្រកាសឯករាជ្យ នាពេលណាមួយនោះ បានធ្វើឲ្យគេនឹកឃើញដល់អតីតសហភាពសូវៀត ដែលបានរបូតរដ្ឋចំនួន១៥ ចេញពីប្រទេសរបស់ខ្លួនដោយសារមនោគមវិជ្ជារបស់សហរដ្ឋអាមេរិក។
ការណ៍នេះមិនអាចមិនកើតឡើងឬធ្វេសប្រហែសបានឡើយសំរាប់មេដឹកនាំចិនព្រោះបញ្ហាអាចកើតមាននៅអាណត្តិក្រោយប្រសិនជាប្រធានាធិបតីលោកDonald Trumpជាប់ឆ្នោតមួយអាណត្តិទៀត នឹងប្រកាសឯករាជ្យភាពឲ្យកោះតៃវ៉ាន់ ដោយសារហេតុផលទី១ ចង់់បំបាក់មុខចិនលើឆាកអន្តរជាតិ ទី២ ដើម្បីបង្ហាញថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រីកឥទ្ឋិពល និងដែនអំណាចលើពិភពលោក ទី៣ ដើម្បីចំណេញផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ផលប្រយោជន៍សេដ្ឋកិច្ច និងមនោគមវិជ្ជា និងទី៤ ជាការបង្ហាញថា ចិនមិនមានសមត្ថភាពគ្រប់គ្រង ដែនអធិបេត្យភាពរបស់ខ្លួន ដែលអះអាងដដែលៗថា តៃវ៉ាន់គ្រាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
តើមហាយក្សចិននឹងហ៊ានវាយសង្រប់យកកោះតៃវ៉ាន់ឬទេ? ប្រសិនជាសហរដ្ឋអាមេរិកហ៊ានប្រកាសឯករាជ្យភាពឲ្យកោះនេះ យើងនឹងវិភាគជូននៅលេខក្រោយក្នុងពេលឆាប់ៗនេះ។
ឈរលើបរិការណ៍៍កំពុងតែតានតឹងនេះជម្លោះផលប្រយោជន៍និងការភ័យខ្លាចបាត់បង់ឥទ្ឋិពលទៅលើចិននាពេលខាងមុខជម្លោះរវាងសហរដ្ឋអាមេរិកនិងចិននឹងមិនទំនងជាធូរស្រាលនោះឡើយ។

សាកល្បងទៅមើលមេរៀនសូវៀត
សង្គ្រាមត្រជាក់បានឈានទៅរកទីបញ្ចប់នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០និងដើមទសវត្សឆ្នាំ១៩៩០។
តាមរយៈការឡើងកាន់អំណាច របស់លោកប្រធានាធិបតីអាមេរិក រ៉ូណាល់ រីហ្គែន សហរដ្ឋអាមេរិក បានបង្កើនការគាបសង្កត់ផ្នែកការទូត យោធា និងសេដ្ឋកិច្ចលើសហភាពសូវៀត ដែលកំពុងតែរងនូវវិបត្តិកំណើនសេដ្ឋកិច្ច មិនរីកចម្រើនរួចទៅហើយ។ នៅពាក់កណ្ដាលទី២ នៃទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀត ដែលទើបត្រូវបានតែងតាំងថ្មី មីខាអែល ហ្គូបាឆូវបានដាក់បង្ហាញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច (perestroika) និងនយោបាយដឹកនាំរដ្ឋាភិបាលទន់ភ្លន់ជាងមុន ជាមួយការបើកឲ្យមានសេរីភាពសារព័ត៌មាន (glasnost) ។
ជាលទ្ឋផល ការរលំរលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបន្សល់ឲ្យសហរដ្ឋអាមេរិក ស្ថិតនៅជាកំពូលមហាអំណាចតែមួយគត់នៅលើពិភពលោក។
នៅថ្ងៃទី៨ខែធ្នូ រដ្ឋទាំង១៥ ឆ្នាំ១៩៩១ ក្នុងសហភាពសូវៀត ក៏បានប្រកាសឯករាជ្យរៀងៗខ្លួន ហើយនៅថ្ងៃទី២៤ធ្នូ រុស្ស៊ី ដោយមានការគាំទ្រពីអតីតរដ្ឋសូវៀតផ្សេងទៀត បានជូនដំណឹងទៅអ.ស.បថា ចាប់ពីពេលនោះទៅ រុស្ស៊ីនឹងកាន់កាប់អាសនៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជំនួសសហភាពសូវៀត។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៥ធ្នូ ដែលចំថ្ងៃបុណ្យណូអែល លោកហ្គ័រ បាឆូវ បានប្រកាសលាឈប់ពីមុខតំណែងជាប្រធានាធិបតី នៃសហភាពសូវៀត ហើយនៅថ្ងៃទី២៦ធ្នូ ទង់ក្រហម ដែលមានកណ្ដៀវ និងញញួរ ត្រូវបានគេបង្ហូតចុះពីវិមានក្រេមឡាំង ជំនួសមកវិញដោយទង់ជាតិរុស្ស៊ី។
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ក៏ត្រូវរំលាយជាផ្លូវការ ជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥ គឺ រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃ ហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតួកម៉េនីស្ថាន។
តើមហាយក្សចិននឹងមានវាសនាបែបនេះទេ វាអាស្រ័យលើជំហរ គោលនយោបាយ កណ្តាប់ដៃដែករបស់មេដឹកនាំចិន។

តើកម្ពុជាត្រូវរងឥទ្ឋិពលបែបណាពីសង្រ្គាមរៀបផ្ទុះនេះ?
ពិតហើយកម្ពុជាបាន និងកំពុងរស់នៅជាមួយមហាអំណាចទាំងពីរ និងសហគមន៍ដទៃទៀតក្នុងពិភពលោក ការជល់គ្នារវាងមហាអំណាចទាំងពីរ មិនខុសពីពាក្យពុំនោលខ្មែរនិយាយថា “ដំរីជាន់គ្នាងាប់ស្រមោច សង្អារនោះឡើយ”។
ជម្លោះផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដែលផលប៉ះពាល់នៃសង្រ្គាមនេះ បានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន។
ការិយាល័យជំរឿន និងទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក បានបង្ហាញពីផលប៉ះពាល់នៃពន្ធគយ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុនលើទំនិញចិនដែលមានតម្លៃ១១២ ពាន់លានដុល្លារ។ ចំពោះការតម្លើងពន្ធតែឯង ជនជាតិអាមេរិកបានចំណាយ៩០៥ លានដុល្លារបន្ថែម។
នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ជនជាតិអាមេរិកបានបង់ពន្ធសរុបចំនួន៧,១ ពាន់លានដុល្លារ ច្រើនជាងចំនួនផ្សេងទៀត នៅក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក កើនឡើង៥៩ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងការកើនឡើងចំនួន៦០០លានដុល្លារកាលពីខែមុន។ សេចក្តីថ្លែងការណ៍ពីអង្គការ ដែលមានមូលដ្ឋាននៅអាមេរិកឈ្មោះថា Tariffs Hurt the Heartland (THH)។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ បានផ្អាកជាបណ្តោះអាសន្នចំពោះជម្លោះ ដែលមានរយៈពេលជិត២ឆ្នាំ វាត្រូវបានសេដ្ឋវិទូនិងអ្នកវិភាគនិយាយថា “វាជាសង្គ្រាមពាណិជ្ជកម្មដ៏ថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ” និងបាននាំមកនូវសញ្ញាដំបូង នៃការថយចុះក្នុងសង្គ្រាមពាណិជ្ជកម្មរយៈពេល១៧ខែរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក។
ផលប៉ះពាល់នៃសង្រ្គាមនេះ ក៏បានជះឥទ្ឋិពលជាវិជ្ជមានផង និងអវិជ្ជមានផងដល់កម្ពុជា ប៉ុន្តែផលអវិជ្ជមានពិតជាមានច្រើនជាងយ៉ាងលើសលុប ដោយសារហេតុផលជាច្រើន។

កម្ពុជាត្រូវបង្ខចិត្តញុំាប័រ និងតៅហ៊ូក្នុងចានតែ១ឬ?
នៅទីនេះទំនងជាគ្មានជម្រើសនោះទេ ព្រោះក្នុងនយោបាយការបរទេស “គឺគ្មានមិត្ត គ្មានសត្រូវរហូតនោះឡើយ” ដើម្បីផលសន្តិភាព ស្ថេរភាពនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ទំនងជាជ្រើសរើសចានមួយដែលមានប្រហុកខ្ទិះ ដាក់លាយមួយមួយប័រ និងដុំតៅហ៊ូ។
ដោយសារនយោបាយការបរទេស ជានយោបាយដែលសម្តេចបានឆ្លងកាត់ច្រើនជាងគេក្នុងចំណោមមេដឹកនាំកម្ពុជា និងភ្លក់រសជាតិច្រើនជាងគេ ជោគជាំដោយទឹកភ្នែក និងរឿងរំភើបច្រើនជាងគេលើឆាកអន្តរជាតិ។
ហេតុនេះការញុំាបាយជាមួយប្រហុក គ្មានអ្វីចម្លែកសំរាប់កម្ពុជានោះឡើយ ប៉ុន្តែការបន្ថែមប័រ និងតៅហ៊ូក្នុងចានតែមួយជាមួយគ្នា ក៏មិនប្រាកដថា “ទទួលទានមិនបានឯណា” ព្រោះអាហារទាំងពីរមួយជាអាហារបង្កើនថាមពល ដែលអាចឡើងជាតិកូឡេស្តេរ៉ូល ប៉ុន្តែតៅហ៊ូដែលធ្វើពីសណ្តែកអាចជួយទប់ការឡើងគីឡូបាន និងរក្សារាងកាយក្នុងតុល្យភាពដ៏ល្អមួយ។
អាមេរិកផ្តល់ប័រប្រៀបដូចរាងកាយត្រូវការថាមពលបន្ទាប់ពីហត់នឿយដែលអាចដើរទៅមុខទៀតបានហើយរសជាតិតៅហ៊ូក៏មិនទ្រលាន់និងងាយផ្អូមដែលចិនអាចផ្តល់ជូនកម្ពុជា។ហេតុនេះការរក្សានូវតុល្យភាពប្រហុកប័រនិងតៅហ៊ូទំនងជាអាចធ្វើឲ្យសុខភាពកម្ពុជាមានភាពរ៉ឹងមាំគ្រប់គ្រាន់ដើម្បីបន្តទៅមុខដោយឆ្លងកាត់ព្យុះភ្លៀងទាំងឡាយបាន៕






