ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តថ្មីចំនួន១០ សម្រាប់អាណត្តិទី១ លើកទី១។
កិច្ចប្រជុំនេះដឹកនាំដោយលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសហការី ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ប្រធាន និងមន្រ្តីជំនាញនាយកដ្ឋាន អភិវឌ្ឍន៍វិស័យឯកជន ប្រធាន និងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល កំពង់ឆ្នាំង កំពត កែប កំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ និងឧត្តរមានជ័យ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបំបែកថ្មីចំនួន១០ ព្រមទាំងពិភាក្សាអំពីនីតិវិធី និងកំណត់កាលបរិច្ឆេទ ក្នុងការរៀបចំដំណើរការបោះឆ្នោត៕







