អភិបាលខេត្តកែប អំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ អភិវឌ្ឍតំបន់កោះ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអំពាវនាវដល់បណ្តាដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ មកអភិវឌ្ឍតំបន់កោះនៅក្នុងមូលដ្ឋានខេត្ត ស្របពេលដែលខេត្តជាប់មាត់សមុទ្រមួយនេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សោម ពិសិដ្ឋ បានឱ្យដឹងកាលពីថ្មីៗនេះថា នៅក្នុងមូលដ្ឋានខេត្ត មានកោះចំនួន១២ ដែលសុទ្ធសឹងជាកោះមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតអ្នកវិនិយោគជាតិ និងអន្តរជាតិ បណ្តាក់ទុនបាន។

លោក បានថ្លែងថា “ខេត្តកែបមានកោះចំនួន១២ និងថ្មបំប្រះទឹក១។ អ្នកវិនិយោគជាតិ និងអន្តរជាតិអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្នុងការអភិវឌ្ឍទាំងនៅលើគោក និងលើទឹក ដែលអាចឱ្យមានចរន្តទៅវិញទៅមក”។

លោក បានបន្តថា “អ្នកទេសចរមកលេងកម្សាន្ត និងហូបបាយនៅតំបន់ឆ្នេរ ទៅវិញនោះទេ។ យើងនឹងព្យាយាមទាក់ទាញពួកគាត់មកស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តកែបឱ្យកាន់តែយូរ តាមរយៈការអភិវឌ្ឍផលិតថ្មីៗនេះក្នុងខេត្ត”។

លោក ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលមិនទាន់ការអភិវឌ្ឍ ដូចជានៅតាមបណ្តាកោះមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។

លោក បានបន្តថា “នៅពេលដែលមានការអភិវឌ្ឍ និងប្រែក្លាយតំបន់កោះទៅជាតំបន់ទេសចរណ៍ វាធ្វើឱ្យភ្ញៀវទេសចរស្នាក់នៅបានយូរ។ កន្លងមក ភ្ញៀវទេសចរបរទេសមកលេងកម្សាន្តតែម្តងកន្លែង រួចហើយត្រឡប់ទៅវិញ ដែលធ្វើឱ្យមានការបាត់បង់ចំណូលពីទេចរណ៍”។

បច្ចុប្បន្ន រដ្ឋាភិបាលបាននិងកំពុងផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ ដែលនឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here