អ្នកជំនាញ៖ ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ នឹង​ស្ទុះ​ងើបឡើង​វិញ​លឿន​ជាងគេ

0

ដោយៈ​ប៊ី

ភ្នំពេញៈ ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា នឹង​ផ្តើម​មើលឃើញ​សញ្ញា​ដំបូង​នៃ​ការ​ងើប​ឡើងវិញ​ក្នុងឆាប់ៗខាងមុខនេះ ពិសេស​វិស័យ​ខុន​ដូ បន្ទាប់​កាលពីថ្មីៗនេះ ជើងហោះហើរ​អន្តរជាតិ បានចាប់ផ្តើម​ដំណើរការបណ្តើរៗ ជាមួយ​ការវិល​ត្រឡប់មកវិញ​របស់​វិនិយោគិន​ចិន ហើយ​អាជីវកម្ម​ក្នុងស្រុក​បានចាប់ផ្តើម ដំណើរការ​ធម្មតា​ឡើងវិញ ក្រោម​គោលការណ៍​ណែនាំ​សុខភាព​ថ្មី​របស់​ក្រសួងសុខាភិបាល។

ភាព​ធ្ងន់ធ្ងរ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច ដែល​មកពី​ជំងឺ​កូ​វីដ-១៩ មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​អាច​សង្កេត​ឃើញថា​ទីផ្សារ​ពិភពលោក រួមទាំង​អចលនទ្រព្យ​នឹង​មិនដឹង​ច្បាស់លាស់​ដូចគ្នា​ទេ។ ដោយ​មើលឃើញ​ពី​ភាពមិន​ច្បាស់លាស់ អ្នកជំនាញ​បាននិងកំពុង​សំឡឹង​មើលថា តើ​ទីផ្សារ​អចលនទ្រព្យ​នឹង​ទៅជា​យ៉ាងណា​នាពេល​អនាគត។

លោក James Hodge នាយក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE កម្ពុជា ត្រូវបាន​ដកស្រង់​ចេញ​សម្តី​ចេញ​គេ​ទំព័រ Realestate.com.kh ឱ្យដឹងថា “ជំងឺ​រាតត្បាត​នេះ​បានបង្ហាញ​ពី​កង្វះ​នៃ​ភាព​ធន់ នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។ យើង​ឃើញថា​នេះ​គឺជា​ការពិត ជាពិសេស​នៅក្នុង​វិស័យ​លក់រាយ និង​បដិសណ្ឋារកិច្ច​រង​ផលប៉ះពាល់​ខ្លាំង” ។

លោក James Hodge យល់ស្រប​ថា ខុន​ដូ​ដែលមាន​តំលៃ​សមរម្យ ទំនងជា​នឹង​ងើប​ឡើងវិញ​មុនគេ។

លោក​បាន​ថ្លែងថា “ខ្ញុំ​រំពឹងថា​វិស័យ​មួយចំនួន​នឹង​ងើប​ឡើងវិញ យ៉ាង​ឆាប់រហ័ស ដូចជា​ទីផ្សារ​ខុន​ដូ ពិសេស​ខុន​ដូ​តម្លៃ​សមរម្យ និង​លំនៅដ្ឋាន ទំនងជា​នឹង​ក្នុងការ​ងើបឡើង​វិញ​មុខ​គេ” ។

វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ខុន​ដូ​លំដាប់​ប្រណីត និង​លំដាប់​មធ្យម​បាន​ធ្លាក់ចុះ។

យោងតាម​របាយការណ៍​ក្រុមហ៊ុន CBRE នៅ​ត្រីមាស​ទី២ តម្លៃ​លក់​ខុន​ដូ​លំដាប់​ប្រណីត បាន​ធ្លាក់ចុះ ៤,៦% ខណៈ​ខុន​ដូ​លំដាប់​មធ្យម​ធ្លាក់ចុះ ៤,០% ។ ម្យ៉ាងទៀត​ខុន​ដូ​ដែលមាន​តំលៃ​សមរម្យ មិនមាន​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ទេ ចាប់តាំងពី​ខែមករា ឆ្នាំ២០២០ ។

លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia  បាន​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា អ្នក​ដែលមាន​ហិរញ្ញវត្ថុ​ល្អ​នៅពេលនេះ នឹង​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ បើ​ធៀប​នឹង​រយៈពេល​កាលពី​រយៈពេល​មុន ដោយសារ​មូលហេតុ​ទី១ គឺ​តម្លៃ​ខុន​ដូ មិនទាន់មាន​ការកើនឡើង​ទេ ដូច្នេះ​តម្លៃ​ស្ថិតនៅ​សភា​ពនៅ​ទ្រឹង ហើយ​អនាគត​តម្លៃ​ខុន​ដូ​នឹង​កើនឡើង។

លោក​បាន​ថ្លែងបន្តថា “បច្ចុប្បន្ន យើង​សង្ក​ត​ឃើញ​មាន​មិន​ត្រឹមតែ យុវជន​នោះទេ ប៉ុន្តែ​ប្រជាជន​វ័យ​ចំណាស់ ក៏​បាននិង​កំពុង​ចាប់ផ្តើម​ផា្ល​ស់​ប្តូរ​ការរស់នៅ​នៅ​ខុន​ដូ ព្រោះ​ខុន​ដូ​មាន​សុ​វ​ត្តិ ឯកជន​ភាព និង​ភាព​ស៊ីវីល័យ” ។ លោក​បាន​ថ្លែងថា “លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់​នាពេល​បច្ចុប្បន្ន មាន​ភាពបត់បែន​ច្រើន ហើយ​អ្នក​អភិវឌ្ឍន៍​បច្ចុប្បន្នកំពុង​បំពេញចិត្ត​អ្នកវិនិយោគ ដូច្នេះ​ការ​លក្ខខណ្ឌ ក្នុងការ​បង់ប្រាក់​មាន​ភាពងាយស្រួល​ជាង​មុន” ។

ការវិនិយោគ​អចលនទ្រព្យ ពិសេស​ខុន​ដូ គឺ​សំខាន់ ទី១ ផ្តោតលើ​តម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់។

លោក​ខន គង្គា​បានឱ្យដឹងថា ដូច្នេះ​ស្ថិតក្នុង​លក្ខខណ្ឌ​នេះ តម្លៃ​ល្អ ទីតាំង​ល្អ ហើយ​លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់​ល្អ​ទៀត ជាមួយ​ការបញ្ចុះ​តម្លៃផ្សេងៗ វា​ជា​ល្អ​ដ៏​បំផុត​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here