ក្រុម​អ្នក​អភិវឌ្ឍន៍​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​តម្រូវការ​ទីផ្សារ​លំនៅដ្ឋានក្នុងស្ថានភាព​បច្ចុប្បន្ន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខុសប្លែក​ពី​ផ្នែក​ដទៃ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដែល​កំពុង​ទទួលរង​នូវ​ផល​ប៉ះទង្គិច ពី​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល​នោះ សម្រាប់តែ​ទីផ្សារ​លំនៅដ្ឋា​ន​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ និង​មាន​តម្រូវការ​ខ្ពស់ ខណៈដែល​ការអភិវឌ្ឍន៍​នៅតែ​បន្ត​មាន​យ៉ាង​មមាញឹក។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន។

លោក​ឧកញ៉ា​បញ្ជាក់ថា“និយាយ​ជារួម​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់​ជា​សាកល ដែល​បណ្តាលមកពី​វិបត្តិ​សេដ្ឋកិច្ច​សាកល ក្រោម​ឥទ្ធិពល​នៃ​ជំងឺ Covid-19  ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានគេច​ចេញពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ហើយ​បាន​ពង្រឹង​លើ​វិស័យសេដ្ឋកិច្ច​បាន​យ៉ាង​ប្រសើរ” ។

លោក​ឧកញ៉ា​បាន​បន្តថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដែរ ប៉ុន្តែ​ហាក់​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​នោះទេ ជាក់ស្ដែង​ដូចជា​វិស័យ​ដីធ្លី និង​លំនៅដ្ឋាន គឺ​នៅតែមាន​ដំណើរការ​ធម្មតា មានការ​សាងសង់ មានការ​ទិញ-លក់ ដដែល ជាពិសេស​នៅតាម​តំបន់​ជាយក្រុង។

ស្រដៀង​នឹង​ការលើកឡើង​ខាងលើនេះ លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា “តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់​ស្នាក់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅពេល​បច្ចុប្បន្ននេះ​នៅតែមាន ក្នុង​អត្រា​ខ្ពស់​នៅឡើយ បើទោះជា​ការអភិវឌ្ឍន៍ និង​ផ្គត់ផ្គង់​យ៉ាងច្រើន​ដូចដែល​បានឃើញ​នៅពេលនេះ ក៏​នៅតែ​មិនទាន់​គ្រប់​នោះទេ” ។

លោក​បញ្ជាក់ថា តំបន់​ជាយក្រុង​នានា បាន​ក្លាយជា​គោលដៅ​វិនិយោគ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​សាងសង់ ដោយសារតែ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ ដែល​អាចមាន​ឱកាស​ទ​ទួលបាន​ចំណេញ ពី​ការវិនិយោគ​ប្រភេទ​លំនៅដ្ឋាន​ប្រណីត តម្លៃ​សមរម្យ​ត្រឹម​ជាង៧ម៉ឺន​ចុះក្រោម។ ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុង ក៏ដូចជា​តំបន់​ផ្លូវជាតិ​លេខ​៦A  និង​តំបន់​ក្បែរផ្លូវ​ជាតិ​លេខ១ជាដើម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ធ្លាប់មាន​ប្រសាសន៍​កាល​ពី​ពេល​កន្លងទៅថ្មីៗថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ទាំង​តម្លៃ​វិញ​ក៏​មិន​ចុះថ្លៃ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​នេះ អ្នក​អភិវឌ្ឍន៍ បន្ត​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​ទាំង​តម្លៃ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់។

លោក​បន្តថា “តាម​ការមើលឃើញ​ជាក់ស្តែង នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត មាន​គម្រោង​អភិវឌ្ឍន៍​ទាំង​លំនៅឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ជាច្រើន​មានការ​កើនឡើង​ច្រើន និង​បន្ត​រីកចំរើន​បន្ថែមទៀត ក្រោយ​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការសាងសង់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here