អ្នកជំនាញជាតិ និងអន្តរជាតិ នៅតែបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ៖ ប៊ី
ភ្នំពេញ៖ អ្នកជំនាញជាតិ និងអន្តរជាតិ បានបង្ហាសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ដោយវិស័យនេះចាប់ងាកចេញពីវិបត្តិCOVID-19 អ្នកទិញអចលនទ្រព្យកាន់តែច្រើនកំពុងស្វែងរកចាប់យកអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ Propertyarea.asia កាលពីពេលថ្មីៗថា ទីផ្សារអចលនទ្រព្យបាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19 ខណៈអ្នកវិនិយោគក្នុងវិស័យនេះកំពុងស្វែងរកឱកាសដើម្បីចាប់យកអចលនទ្រព្យនៅទីតាំងដែលមានសក្តានុពលនៅទីតាំងផ្សេងៗស្ទើពេញផ្ទៃប្រទេស។

លោកបានថ្លែងថា “អ្នកទិញអចលនទ្រព្យកាន់តែច្រើនកំពុងស្វែងរកចាប់យកអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស”។

លោកបន្តថា “សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមកើនឡើងជាលំដាប់។ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នមានភាពរស់រវើក ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងកើនឡើងទ្វេដង នៅពេលដែលជំងឺ Covid-19 បានផុតរលត់ទាំងស្រុង”។

ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា នឹងផ្តើមមើលឃើញសញ្ញាដំបូងនៃការងើបឡើងវិញក្នុងឆាប់ៗខាងមុខនេះ ពិសេសវិស័យខុនដូ បន្ទាប់កាលពីថ្មីៗនេះ ជើងហោះហើរអន្តរជាតិ បានចាប់ផ្តើមដំណើរការបណ្តើរៗ ជាមួយការវិលត្រឡប់មកវិញរបស់វិនិយោគិនចិន ហើយអាជីវកម្មក្នុងស្រុកបានចាប់ផ្តើម ដំណើរការធម្មតាឡើងវិញ ក្រោមគោលការណ៍ណែនាំសុខភាពថ្មីរបស់ក្រសួងសុខាភិបាល។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២ ០៤៧ គម្រោង លើផ្ទៃក្រឡាសរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានលើទុនវិនិយោគជិត ៣៣៩២ លានដុល្លារ មានការកើនឡើងចំនួន ១៣, ២៦ ភាគរយ។

លោក James Hodge នាយកជាន់ខ្ពស់នៃក្រុមហ៊ុន CBRE កម្ពុជា បានឱ្យដឹងថា “ជំងឺរាតត្បាតនេះបានបង្ហាញពីកង្វះនៃភាពធន់ នៅក្នុងវិស័យអចលនទ្រព្យជាច្រើននៅទូទាំងពិភពលោក។ យើងឃើញថានេះគឺជាការពិត ជាពិសេសនៅក្នុងវិស័យលក់រាយ និងបដិសណ្ឋារកិច្ចរងផលប៉ះពាល់ខ្លាំង” ។

លោក James Hodge យល់ស្របថា ខុនដូដែលមានតំលៃសមរម្យ ទំនងជានឹងងើបឡើងវិញមុនគេ។
លោកបានថ្លែងថា “ខ្ញុំរំពឹងថាវិស័យមួយចំនួននឹងងើបឡើងវិញ យ៉ាងឆាប់រហ័ស ដូចជាទីផ្សារខុនដូ ពិសេសខុនដូតម្លៃសមរម្យ និងលំនៅដ្ឋាន ទំនងជានឹងក្នុងការងើបឡើងវិញមុខគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here