កម្ពុជា-ថៃ បានសម្រេច​ក្នុង​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់​រួមគ្នា​ក្នុងពេលឆាប់ៗខាងមុខ

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ បើទោះបី​ភាគី​ថៃ និង​កម្ពុជា បាន​ឯកភាពគ្នា​ជាគោលការណ៍​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ជា​បណ្តោះអាសន្ន ដើម្បី​ជំរុញ​កំណើន​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំងពីរ តែ​រហូតមក​ដល់ពេលនេះ ភាគី​ទាំងពី​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ។

លោក វ៉ា​ស៊ីម សូ​រិ​យ៉ា  អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ ថា ភាគី​ទាំងពីរ កម្ពុជា និង​ថៃ បាន​យល់ព្រម​ជាមួយគ្នា​ទៅវិញទៅមក​ជាគោលការណ៍​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នេះ តែ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​ការទប់ស្កាត់​ជំងឺ Covid-19 ។

លោក​ថ្លែងថា “ យើង​មិនទាន់បាន​ជួប​ភាគី​ថៃ​នៅឡើយ​ទេ តែ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នៅតែ​ខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ។ ភាគី​ទាំងពីរ​បានដឹង​រឿង​ហើយ និង​បង្ហាញ​ពី​បំណងរៀងៗខ្លួន​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នេះ​ខ្លាំងណាស់” ។

លោក​បន្តថា “ យើង​ទាមទារ​ឱ្យមាន​ការជួប​ជុំគ្នា ដែល​កន្លងមកនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់​ជួប រដ្ឋមន្ត្រីក្រសួង​សាធារណ​ថៃ​តាំងពី​ខែ មេសា  តែដោយសារ​តែ​បញ្ហា​ជំងឺ  Covid-19 យើង​មិនអាច​ជួបគ្នា​បាន” ។

លោក​បន្ថែមថា និយាយ​ជារួម ខាង​ភាគី​ថៃ ស្ទើរតែ​គ្រប់ផ្នែក​ដឹង​រឿងនេះ សូម្បីតែ គណ:កម្ម​ការ​ក្រុម​ធុរកិច្ច​ថៃ ខាង​ស្ថានទូត​ក៏បាន​ដឹង​ពី​បញ្ហា​នេះដែរ តែ​មិនទាន់បាន​ជួបគ្នា ហើយក៏​មិនដឹងថា ពេលណា​ដែល​នឹងត្រូវ​បើក​បណ្តោះអាសន្ន​ដែរ” ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា នៅពេលដែល​ភាគី​ទាំងពីរ (ថៃ និង​កម្ពុជា) មានការ​ឯកភាពគ្នា​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​បាន​កាន់តែ​លឿន​កាន់តែ​ល្អប្រសើរ​ក្នុងការ​ជំរុញ​ដល់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ។

លោក​ថ្លែងថា “ការបើក​ច្រក​អន្តរជាតិ​ថ្មី​នេះ​ជាមួយ​ភាគី​ថៃ គឺជា​ចំណុច​ល្អ​ក្នុង​ការនាំ​ទំនិញ​ចេញ និង​ចូល និង​កំណើនសេដ្ឋកិច្ច​ទាំង​អំឡុងពេល និង​ក្រោយពេល​បញ្ចប់​ជំងឺ  Covid-19 តែ​អ្វីដែល​សំខាន់​នោះ យើង​មាន​ទំនិញ​ប៉ុន្មាន​ក្នុង​ការនាំ​ចេញទៅ​ថៃ ខណៈដែល​ភាគី​ថៃ​មាន​ទំហំ​ទំនិញ​នាំចូល​ច្រើន​មកកាន់​កម្ពុជា” ។

លោក​បន្តថា “ច្រក​អន្តរជាតិ​នេះ ជា​កន្លែង​ដែល​ត្រូវ​ដឹកទំនិញ​ឆ្លងកាត់​នៅក្នុង​តំបន់​អាស៊ាន​តែម្តង តែ​អ្វីដែល​យើង​ត្រូវ​គិត គឺ​ទំនិញ​របស់​កម្ពុជា​ប៉ុន្មាន​ភាគរយ​ដែល​ត្រូវ​ដឹក​ចេញ យើង​ត្រូវ​ថ្លឹងថ្លែង​ឱ្យមាន​សមតុល្យ​នឹង​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​ផលចំណេញ​ទៅវិញទៅមក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here