ដោយវុត្ថា
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកទីតាំងថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ឱ្យដឹងថ រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។
លោកAlexander C. Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។
លោកបន្តថាក្រុមហ៊ុនទាំងអស់ដែលចូលរួម បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅព្រះរាជាណាចក្រម្ពុជា ព្រមទាំងបានសន្យាថានឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃ ទៀតឱ្យងាកមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
លោកបន្តថា ក្រុមហ៊ុនមួយចំនួន បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឲ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa សហការជាមួយក្រសួង ក្នុងការផ្តល់សេវាទូទាត់តាមអនឡាញ និងជំរុញឱ្យក្រុមហ៊ុន Ford សិក្សាលទ្ធភាពរបស់ខ្លួនលើការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្ថែមលើមជ្ឈមណ្ឌលសេវាដែលខ្លួនមាននៅកម្ពុជា ដើម្បីបង្វិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ ដោយ ហេតុថាបច្ចុប្បន្ននេះក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានក្រុមហ៊ុនចំនួនតែពីរប៉ុណ្ណោះ៕






