អាងហែលទឹកស្តង់ដាអន្តរជាតិតម្លៃជិត ៣លានដុល្លារ នឹងសម្ពោធនាល្ងាចនេះ

0

ដោយ វុទ្ធី

ភ្នំពេញ៖ អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដែលចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណកាលដឹកជញ្ជូន និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។

លើសពីនេះ នៅមានការិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់ទៅដោយកៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបប្រមាណជិត ៣លានដុល្លារ។

ចំពោះពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC ក៏ដូចជាតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងដែរថា ទន្ទឹមជាមួយ ក្រោយបញ្ចប់ការសម្ពោធអាងហែលទឹកស្ដង់ដារអន្ដរជាតិនាល្ងាចនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានដំណើរទស្សនកិច្ចពិនិត្យទីលាន និងសកម្មភាពហ្វឹកហាត់របស់សហព័ន្ធកីឡាជាតិជាង ២០ប្រភេទកីឡា ដែលមានមូលដ្ឋានក្នុងពហុកីឡដ្ឋានជាតិផងដែរ ដើម្បីវាយតម្លៃ កែលម្អ និងជំរុញការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០៣ នៅប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here