ចុងត្រីមាសទី៣ឆ្នាំនេះ ទីផ្សារខុនដូចាប់ផ្តើមមានតម្រូវការឡើងវិញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ពោលគឺនៅត្រឹមដើមត្រីមាសទី៣ ទីផ្សារខុនដូដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចនោះ បានចាប់ផ្តើមមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានគម្រោងជាច្រើនបានបង្ហាញពីលទ្ធផលល្អក្នុងការលក់ដូចគ្នា។

នាយិកាគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CSA អ្នកស្រី លន់ ជូលីតា ដែលទទួលសិទ្ធិក្នុងការលក់គម្រោងខុនដូ AGILE SKY RESIDEN បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ទីផ្សារខុនដូនៅកម្ពុជានៅពេលនេះបានចាប់ផ្តើមមានសន្ទុះឡើងវិញហើយ ប៉ុន្តែការកើនឡើងនេះ ស្ទើរតែ១០០ភាគរយ គឺជាតម្រូវការក្នុងស្រុក មិនមែនមកពីក្រៅប្រទេសដែលជាជនជាតិបរទេសនោះទេ។

អ្នកស្រីបន្ដថា “ត្រឹមតែរយៈពេលជាង២សប្ដាហ៍តែប៉ុណ្ណោះ ក្រុមហ៊ុនបានធ្វើការលក់ចេញប្រមាណជាង៨០យូនីត ហើយនៅក្នុងចំណោមនៃអតិថិជនទាំងអស់ភាគច្រើនជាជនជាតិខ្មែរ ដែលទិញសម្រាប់តម្រូវការស្នាក់នៅជាក់ស្ដែង ហើយអ្នកខ្លះទិញសម្រាប់វិនិយោគបន្តក្រោយគម្រោងសាងសង់ត្រូវបានបញ្ចប់១០០ភាគរយ។ ខ្ញុំជឿជាក់ថា ទីផ្សារខុនដូនឹងបន្តមានកំណើនល្អបន្ថែមទៀត ខណៈដែលវិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានភាពល្អប្រសើរ ជាពិសេសប្រជាជនខ្មែរកាន់តែយល់ច្បាស់ពីទីផ្សារខុនដូ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា ខុនដូដែលមានតម្រូវការទីផ្សារនេពេល ជាប្រភេទខុនដូកម្រិតមធ្យម ដែលមានតម្លៃនៅលើទីផ្សារចាប់ពីជាង៧ម៉ឺនដុល្លារ ឬមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ថា “កំណើនទីផ្សារនៅពេលនេះ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានប្ដូរនូវយុទ្ធសាស្ត្រនៃគម្រោងរបស់ខ្លួនដោយងាកមកចាប់ចំណែកទីផ្សារពីប្រជាជនខ្មែរវិញ រួមជាមួយនឹងការបង្កើតកម្មវិធីងាយស្រួលក្នុងការទិញ-លក់ ដែលក្រៅពីមានតម្លៃសមរម្យ ថែមមានផ្តល់ជូននូវភាពងាយស្រួលក្នុងការបង់ប្រាក់ផងដែរ”។

លោកស្រីបន្តថា “បន្តិចទៀត នៅពេលដែលសេដ្ឋកិច្ចកាន់តែរឹងមាំ និងរីកចម្រើន ការអភិវឌ្ឍកាន់តែធំជាងមុន កំណើនប្រជាជនក្នុងក្រុងកាន់តែកើនឡើងច្រើន នោះតម្រូវការនៃការទីផ្សារខុនដូនឹងកើនឡើងដោយស្វ័យប្រវត្តិ”។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sam SN Realty បានបញ្ជាក់ថា “ខុសពីកាលពីប៉ុន្មានឆ្នាំមុន មនុស្សភាគច្រើនចាប់អារម្មណ៍ទៅលើការទិញលំនៅដ្ឋានផ្ទាល់ដីនៅតាមបណ្តាតំបន់ជាយក្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកខ្លះបានងាកមកចាប់អារម្មណ៍នឹងការទិញខុនដូក្នុងក្រុងសម្រាប់រស់នៅវិញ។ កាលពី ២-៣ ឆ្នាំមុន លំនៅដ្ឋាននៅតាមតំបន់ជាយក្រុងភាគច្រើនមានតម្លៃមិនលើសពី ៥–៦ ម៉ឺនដុល្លារនោះទេ ប៉ុន្តែពេលនេះតម្លៃផ្ទះត្រឹម ៧–៨ ម៉ឺនដុល្លារស្ទើរតែរកមិនមាន ហើយបើមានគឺស្ថិតនៅឆ្ងាយពីក្រុងបន្តិច ប៉ុន្តែលុយត្រឹម ៧–៨ ម៉ឺនដុល្លារដដែលអាចទិញខុនដូនៅក្នុងតំបន់ក្រុងបានហើយមានជម្រើសច្រើនទៀត”។

លោក សំ សុខនឿន បញ្ជាក់ទៀតថា “ហេតុផលផ្សេងទៀត ដែលជម្រុញឱ្យកំណើននៃតម្រូវការខុនដូកើនឡើង ដែលក្រៅពីការប្រែប្រួលនៃតម្លៃលំនៅដ្ឋានកម្រិតមធ្យមនៅតាមតំបន់ជាយក្រុង គឺភាពងាយស្រួលក្នុងការរស់នៅក្នុងក្រុង ដែលគេចផុតពីភាពធុញទ្រាន់នៃការកកស្ទះចរាចរណ៍ ជាពិសេសការទទួលបានឱកាសចំណេញពីការវិនិយោគ ដែលជាធាតុដ៏សំខាន់មួយទៀតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here