ដោយ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនOCICបានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជ្រើសរើសថ្ងៃល្អ សំរាប់បើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៨ កញ្ញានេះថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជ្រើសរើសថ្ងៃបើកការដ្ឋានស្ថាបនា ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដែលនឹងចាប់ផ្តើមនៅកំឡុងខែតុលាខាងមុខនេះ។
លោកបន្តថា“ខ្ញុំមិនច្បាស់ថា តើរដ្ឋបាលក្រុងនឹងអញ្ជើញសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះឬយ៉ាងណាទេ”។
ទោះជាយ៉ាងណាតាមទម្លាប់កន្លងមកសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែអញ្ជើញសម្ភោធបើកការដ្ឋានធំៗដែលជាសមិទ្ឋិផលរបស់ជាតិដើម្បីបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកទូចសំណាងបានបញ្ជាក់ឲ្យដឹងផងដែរថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។
ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។
ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយនេះ លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។
លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕