ចំណេះដឹង! អ្វី​ជា​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា?

0

ដោយ វុត្ថា

ភ្នំពេញៈ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​កម្ពុជា ជា​ឧបករណ៍​សម្រាប់​ជួយ​រុញច្រាន​កំណើនសេដ្ឋកិច្ច​កម្ពុជា ឱ្យ​ខ្ពស់​និង​ធានាបាន​នូវ​ប្រសិទ្ធ​ផល នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម និង​វែង។

គោលនយោបាយ​នេះ ត្រូវមាន​ការចូលរួម​គ្រប់​តួអង្គ ក្នុងការ​អនុវត្ត​និង​ប្រែក្លាយ​ចក្ខុ​គន្លឹះ ក្នុង​គោលនយោបាយ​នេះ ទៅជា​ការពិត​ក្នុង​រយៈពេល​មួយ​កំណត់ ដូច​មានចែង​ក្នុងនោះ​ស្រាប់។ តួនាទីផ្សេងៗគ្នា​របស់​តួអង្គនីមួយៗ មាន​សារៈសំខាន់​ណាស់ និង​ត្រូវ​ធ្វើការ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក។

គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម នឹងត្រូវ​អនុវត្ត​ក្នុង​វិសាលភាព​ដូចជា ទី១-ជំរុញ​ការអភិវឌ្ឍ​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​កែច្នៃ​កសិផល តាមរយៈ​ការលើកទឹកចិត្ត​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ក្នុងស្រុក ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម ទាំង​ក្នុងស្រុក​និង​បរទេស សំដៅ​ជំរុញ​ផ្នែក​ផលិតកម្ម​លើ​មុខទំនិញ​បម្រើការ​នាំចេញ និង​ជំនួស​ការនាំ​ចូល។

ទី២-សមាហរណកម្ម​ទៅនឹង​បណ្តាញ​ផលិតកម្ម តំបន់ និង​ពិភពលោក ដើម្បី​ទាញ​ផល​ពី​វិមាត្រ​សេដ្ឋកិច្ច តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​បរទេសធំៗ ក្នុង​ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច មហា​អនុតំបន់​មេគង្គ និង​ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កោះកុង និង​តំបន់​ជាប់​ព្រំដែន​ប្រទេសជិតខាង ជាពិសេស ការតភ្ជាប់​មជ្ឈមណ្ឌល​ឧស្សាហកម្ម ទីក្រុង​បាងកក និង​ហូជីមិញ។

ទី៣-តម្រង់ទិស​ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម ដើម្បី​ធានាបាន​នូវ​ការប្រមូលផ្តុំ ការតភ្ជាប់​សេដ្ឋកិច្ច និង​ប្រសិទ្ធភាព​សេវា​ដឹកជញ្ជូន​ឡូ​ជី​ស្ទីក ការផ្គត់ផ្គង់​អគ្គិសនី ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រផ្សេងៗ ។ ទី៤ លើកទឹកចិត្ត​ដល់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏ដូចជា​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច និង​សួន​ឧស្សាហកម្ម រួមទាំង​កន្សោម​ឧស្សាហកម្ម ពិសេស ការតភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម ឆ្លងកាត់​ក្នុង​តំបន់​កន្សោម​ឧស្សាហកម្ម​បច្ចេកទេស កន្សោម​កសិឧស្សាហកម្ម កន្សោម​កម្មន្តសាល ឬ​សិប្បកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជា​ឧស្សាហកម្ម​គាំទ្រ និង​ឧស្សាហ​កម្មវត្ថុ​អនុស្សាវរីយ៍​សម្រាប់​ទេស​ចរណ៍ ។

ទី៥ យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ចំពោះ​ឧស្សាហកម្ម ជួយ​ដោះស្រាយ​បញ្ហា​សង្គម​ដូចជា លើកកម្ពស់​អាហារូបត្ថម្ភ​កុមារ ការអភិវឌ្ឍ​ចំណេះដឹង ការលើកកម្ពស់​អត្តសញ្ញាណ​ជាតិ ការអភិវឌ្ឍ​មរតក​វប្បធម៌ ការជួយ​ក្មេង​កំព្រា ជនពិការ ចាស់ជរា និង​សម្ភារ​កីឡា ។ ទី៦-យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ចំពោះ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ចំណេះដឹង ឬ​បច្ចេកទេស​ទំនើប និង​មាន​ប្រភព​ក្នុងប្រទេស ដែលជា​មូលដ្ឋាន​ពង្រឹង​កម្មសិទ្ធិ​ជាតិ និង​បង្កើតជា​ថ្នាល​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុងស្រុក​ជារួម ។

នៅក្នុង​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា រាជរដ្ឋាភិបាល​ប្រមើល​ឃើញ​នូវ​ហានិភ័យចម្បងៗ មួយចំនួន ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​ដោះស្រាយ​គឺ ៖ ១-ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​បរិការណ៍​តំបន់ និង​ពិភពលោក ។ ២-ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច។ ៣-ហានិភ័យ​ពាក់ព័ន្ធ​នឹង​អស្ថិរភាព​នយោបាយ និង៤-ហានិភ័យ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អភិបាលកិច្ច ស្ថាប័ន និង​ការសម្របសម្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here