រដ្ឋបាលខេត្តពោធិ៍សាត់ចាប់ផ្តើមដោះស្រាយផលប៉ះពាល់គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ទំហំ ៨០មេហ្គាវ៉ាត់

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន SPHP Steung Pursat Hydro Power របស់កូរ៉េ ដែលទទួលបន្ទុកលើការវិនិយោគ ចាប់ផ្តើមដោះស្រាយផលប៉ះពាល់គម្រោងសាងសាង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាពផលិត៨០មេហ្គាវ៉ាត់ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ ថ្លែងថា ក្នុងនាមអាជ្ញាធរខេត្តបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

លោកបន្តថា “អ្វីដែលជាការចាប់ផ្តើម ចាំបាច់បំផុត គឺការដោះស្រាយផលប៉ះពាល់ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុក ពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង ចំនួន៣៤៧គ្រួសារ ស្នើនឹង១៤៣៦នាក់ឱ្យនៅដដែល”។

លោកបន្ថែមថា “ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់?”។ លោកបន្តទៀតថា “ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ សូមស្នើឱ្យស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ”។

ជាមួយគ្នានោះ លោកអភិបាលខេត្តណែនាំដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យ នៃការអនុវត្តន៍គម្រោងខាងលើ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត ឱ្យដឹងដែរថា រដ្ឋបាលខេត្តបានសម្រេចការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នេះ ។

ប្រទេសកម្ពុជារហូតមកដល់ពេលនេះ មានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ២០១៩កន្លងទៅសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៦០មេហ្គាវ៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here