ដោយវុត្ថា
ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលបានប្តេជ្ញាថា នឹងបន្ដចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាននេះ យ៉ាងតិច៦ខែម្ដង ដើម្បីជាការលើកទឹកចិត្ដ ដល់អ្នកសាងសង់ និងពន្លឿននៃការសាងសង់ឲ្យទៅតាមផែនការ។

អ្នកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍បែបនេះ នៅក្នុងដឹកនាំប្រតិភូ ដែលមានការចូលរួមពីលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខេត្ដកណ្ដាលនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ ។
អ្នកឧកញ៉ា ពុង ឃាវសែ ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ បានថ្លែងថា ក្រោមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការយកចិត្ដទុកដាក់របស់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ លោកជឿជាក់ថា ការសាងសងនឹងដំណើរការរលូតល្អទៅតាមផែនការ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងដែរថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងខិតខំឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ដ ដើម្បីចូលរួមគាំទ្រសកម្មភាព នៃគម្រោងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ ឲ្យទទួលបានជោគជ័យ ប្រសិទ្ធិភាព និងទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានអន្ដរជាតិ។

លោកថ្លែងថា អ្វីដែលធ្វើការអភិវឌ្ឍន៍នៅទីនេះ មិនមែនជាផលប្រយោជន៍នរណានោះទេ គឺជាប្រយោជន៍រួម ដើម្បីរក្សាទុកជាប្រវិត្ដសាស្ដ្រ ដែលជាស្នាដៃរបស់កូនខ្មែរ។ ជាពិសេសទៀត អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ជាសមទ្ធិផលដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្ដិសាស្ដ្រថ្មី ដែលបន្សល់ទុកសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំទៅថ្ងៃមុខ។
ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល៕






